ព័ត៌មានអន្តរជាតិ

យោធាអាមេរិក បិទបាំងការ សម្លាប់ជនស៊ីវិល ដើម្បីគេចពីការ ដាក់ទណ្ឌកម្ម

ដាម៉ាស់ ៖ អ្នកជំនាញស៊ីរីបានឲ្យដឹងថា ក្នុងអំឡុងពេលសង្គ្រាមដ៏ចម្រូង ចម្រាស របស់ខ្លួន ស្តីពីភេរវកម្ម នៅក្នុងប្រទេសស៊ីរី យោធាអាមេរិក បានសម្លាប់ជនស៊ីវិលមួយចំនួនធំ ហើយចាប់តាំងពីពេលនោះ មកបានព្យាយាមបិទបាំង ឧក្រិដ្ឋកម្ម ដើម្បីគេចចេញពីនិទណ្ឌភាព។

នៅក្នុងការវាយប្រហារ តាមអាកាសឆ្នាំ២០១៩ នៅជិតទីក្រុង Baghouz ក្នុងខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៊ីរី មនុស្សសរុបចំនួន ៨០ នាក់ត្រូវបានសម្លាប់ ក្នុងនោះ ៦៤នាក់ត្រូវបានគេជឿថា ជាជនស៊ីវិលរួមទាំងស្ត្រី និងកុមារ នៅក្នុងឧបទ្ទវហេតុជនស៊ីវិលដ៏ធំបំផុតមួយនៅក្នុងសង្គ្រាម ប្រឆាំង ក្រុម រដ្ឋ ឥស្លាម (IS)របស់អាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ការសម្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារនេះ ត្រូវបានលាតត្រដាងជាលើកដំបូង ដោយកាសែត The New York Times កាលពីខែវិច្ឆិកាឆ្នាំមុន ដែលជំរុញឱ្យមានការស៊ើបអង្កេតផ្ទៃក្នុង របស់សហរដ្ឋអាមេរិក ដោយមន្ទីរប៉ង់តាហ្គោន ដែលបានសន្និដ្ឋាន កាលពីសប្តាហ៍មុនថាអ្នកស្លាប់ភាគច្រើន គឺជា “អ្នកប្រយុទ្ធ IS” ដូច្នេះគ្មានទាហានអាមេរិក ពាក់ព័ន្ធនោះទេ។

ដើម្បីការពារសេចក្តីសន្និដ្ឋាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានលើកឡើងថា “បាទ យើងបានសម្លាប់ជនស៊ីវិលស្លូតត្រង់ ស្ត្រី និងកុមារមួយចំនួន វាស្ថិតនៅក្នុងការប្រយុទ្ធ នៅក្នុងអ័ព្ទនៃសង្រ្គាម”។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក៏បានការពារសកម្មភាព របស់ខ្លួនមុននេះផងដែរ ដោយអះអាងថា ជនរងគ្រោះ ៦០នាក់ “អាចជាភេរវករ ពីព្រោះពេលខ្លះស្ត្រី និងកុមារនៅក្នុងរដ្ឋអ៊ីស្លាម បានកាន់អាវុធ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top