សេអ៊ូល ៖ រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោកស្រី Park Jin បានសម្តែងការខ្នះខ្នែង ក្នុងការធ្វើឱ្យមានប្រក្រតីភាព នៃការចែករំលែកព័ត៌មាន សម្ងាត់យោធា ជាមួយប្រទេសជប៉ុន ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានប្រឈមមុខ នឹងហានិភ័យ នៃការត្រូវបានលុបចោល ចំពេលទំនាក់ទំនងទ្វេភាគី កាន់តែយ៉ាប់យ៉ឺន។
ការកត់សម្គាល់ដែលលោកស្រី Park បានធ្វើបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken នៅទីក្រុងវ៉ាស៊ីនតោន គឺជាសញ្ញាចុងក្រោយ នៃការធ្វើឱ្យប្រសើរឡើង នៃទំនាក់ទំនង រវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ដែលកំពុងតែជូរចត់ ក្រោមការដឹកនាំរបស់ប្រធានាធិបតី កូរ៉េខាងត្បូងថ្មី Yoon Suk Yeol ។
ការបង្ហាញបំណង ធ្វើឲ្យប្រក្រតីភាពឡើងវិញនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភថា កូរ៉េខាងជើង អាចនឹង អនុវត្តនូវអ្វី ដែលនឹងក្លាយជា ការសាកល្បង នុយក្លេអ៊ែរលើកទី៧ របស់ខ្លួន ឬជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧។
ក្តីបារម្ភក៏ត្រូវបានឆ្លុះបញ្ចាំង នៅក្នុងជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan និងមន្ត្រីគោល នយោបាយ ការបរទេសកំពូលរបស់ចិនលោក Yang Jiechi នៅប្រទេសលុចសំបួ ដោយលោក Sullivan ស្វែងរកកិច្ចសហប្រតិបត្តិការ លើបញ្ហាកូរ៉េខាងជើង ពីទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្ត ដ៏សំខាន់បំផុត និងជាអ្នកផ្តល់ផលប្រយោជន៍ សេដ្ឋកិច្ចរបស់ទីក្រុងព្យុងយ៉ាង ។
លោកស្រី Park កំពុងធ្វើទស្សនកិច្ចលើកដំបូង របស់គាត់ទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមជារដ្ឋមន្ត្រីការបរទេសរបស់លោក Yoon ដែលជាអ្នកអភិរក្សនិយម ដែលបានបង្ហាញពីជំហរតឹងរ៉ឹង លើទីក្រុងព្យុងយ៉ាង ជាងអ្នកកាន់តំណែងសេរីមុនរបស់លោក Moon Jae In ។ លោក ក៏ កំពុង ស្វែងរក ទំនាក់ទំនងល្អ ជាមួយជប៉ុនផងដែរ បន្ទាប់ពីពួកគេបានបែកបាក់គ្នា ដោយជម្លោះក្នុងសម័យសង្គ្រាម។
លោកស្រីបន្ដថា “យើងចង់ឱ្យ GSOMIA ត្រូវបានធ្វើឱ្យមានលក្ខណៈធម្មតា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើង នៃទំនាក់ទំនងកូរ៉េ-ជប៉ុន” ដែល ធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន រួមគ្នា ជាមួយលោក Blinken ដោយសំដៅលើកិច្ចព្រមព្រៀង សន្តិសុខទូទៅនៃព័ត៌មានយោធា ជាមួយប្រទេសជប៉ុន។
លោកស្រីបានបន្ថែមថា “ដើម្បីដោះស្រាយការគំរាមកំហែង ពីកូរ៉េខាងជើង យើងត្រូវមានការសម្របសម្រួល គោលនយោបាយ និងការចែករំលែកព័ត៌មាន រវាងកូរ៉េ និងជប៉ុន និងជាមួយសហរដ្ឋអាមេរិក” ៕
ប្រែសម្រួល ឈូក បូរ៉ា