តេអេរ៉ង់ ៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងក្តីសង្ឃឹម សម្រាប់កិច្ចចរចា នុយក្លេអ៊ែរ នៅទីក្រុងវីយែន ដើម្បីបន្ត “នាពេលអនាគត ដ៏ខ្លីខាងមុខនេះ” ។
លោក Amir-Abdollahian បានប្រាប់សន្និសីទ សារព័ត៌មានរួមមួយ តាមទូរទស្សន៍ជាមួយសមភាគីរុស្ស៊ី ដែលកំពុងធ្វើទស្សនកិច្ចរបស់លោក Sergei Lavrov ថា “ខ្ញុំសង្ឃឹមថា កិច្ចពិភាក្សានឹងបន្តឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ” ដើម្បីសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថាជាផែនការ សកម្មភាព ទូលំទូលាយរួម (JCPOA) ។
លោកបានលើកឡើងថា “យើងបន្តនៅលើផ្លូវនៃការទូត ដែលជាផ្លូវត្រឹមត្រូវ ហើយជាថ្មីម្តងទៀតយើងអញ្ជើញអាមេរិកឱ្យក្លាយជាការពិត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
អ្នកការទូតកំពូល អ៊ីរ៉ង់ ក៏បានសម្តែងការដឹងគុណចំពោះរុស្ស៊ី ចំពោះការប្រឆាំង របស់ខ្លួន ចំពោះដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់ ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប របស់ខ្លួននៅក្នុងកិច្ចប្រជុំទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) នាពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ លោក Lavrov បានលើកឡើងថា គោលដៅគឺដើម្បី “កែកំហុសដែលសហរដ្ឋអាមេរិក បានធ្វើលើ JCPOA” ។ លោកបានកត់សម្គាល់ថា “នៅពេល ដែលសហរដ្ឋអាមេរិក ដកខ្លួនចេញពី JCPOA វាបានបំពានច្បាប់អន្តរជាតិម្តងទៀត ។ យើងត្រូវធ្វើការ ដើម្បីស្តារ JCPOA ឡើងវិញក្នុង ទម្រង់ដើម របស់វានៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដោយគ្មានការបន្ថែមណាមួយឡើយ”៕
ប្រែសម្រួល ឈូក បូរ៉ា