ព័ត៌មានអន្តរជាតិ

អាមេរិក ចេញមុខការពារសម្ព័ន្ធ របស់ខ្លួននៅប៉ាស៊ីហ្វិក ពីការវាយប្រហាររបស់ចិន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញរដ្ឋាភិបាលទីក្រុងប៉េកាំង ឱ្យលុបចោលការទាមទាររបស់ខ្លួន ចំពោះសមុទ្រចិនខាងត្បូង និងទទួលយកការសម្រេច ទឹកដីកាលពីឆ្នាំ ២០១៦ ដែលឱ្យហ្វីលីពីនឈ្នះ ហើយថែមទាំងបានសន្យាថា នឹងមានការឆ្លើយតបផ្នែកយោធា របស់សហរដ្ឋអាមេរិក ប្រសិនបើប្រទេសចិនធ្វើ “ការវាយប្រហារដោយប្រដាប់អាវុធ” លើប្រទេសកោះនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយស្ថានទូតអាមេរិក នៅទីក្រុងម៉ានីល លោក Blinken បាននិយាយថា ប្រទេសចិនត្រូវតែ “គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងបញ្ឈប់អាកប្បកិរិយាបង្កហេតុ” នៅក្នុងសមុទ្រចិនខាងត្បូង ដោយលើកឡើងពីការសម្រេចចិត្ត មុនរបស់តុលាការក្រុងឡាអេ ដែលបានច្រានចោលការ អះអាងយ៉ាងទូលំទូលាយ របស់ទីក្រុងប៉េកាំងទៅកាន់តំបន់។

លោកបានបន្តទៀតថា រាល់ការវាយប្រហារដោយអាវុធ លើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ ឬយន្តហោះនៅសមុទ្រចិនខាងត្បូង នឹងទាមទារការប្តេជ្ញាចិត្តការពារ ទៅវិញទៅមករបស់សហរដ្ឋអាមេរិក ក្រោមសន្ធិសញ្ញាឆ្នាំ ១៩៥១ ដោយអាមេរិក បានទទូចថាសមុទ្រនៅតែ “សេរី និងបើកចំហ” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top