ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ជំរុញឱ្យសហរដ្ឋអាមេរិក “ធានា” សម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច បន្ទាប់ពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានរំលឹកឡើងវិញ នូវការទាមទាររបស់ប្រទេស របស់លោកពីសហរដ្ឋអាមេរិក សម្រាប់ “ការធានា” សេដ្ឋកិច្ចក្រោមកិច្ចព្រមព្រៀង ដែលអាចមានសម្រាប់ការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។

លោក Kanaani បានឲ្យដឹងនៅក្នុងសាររបស់លោកថា “អ៊ីរ៉ង់បានហើយនៅតែជាសមាជិក JCPOA ។ ភាគីដែលត្រូវបង្ហាញ “ជំនឿល្អ និងភាពអត់ធន់ ដើម្បីចូលរួមឡើងវិញក្នុហកិច្ចព្រមព្រៀង គឺសហរដ្ឋអាមេរិក” ។

លោកក៏បានរំលឹកឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់ទីក្រុងតេអេរ៉ង់ ក្នុងការឈានដល់ “កិច្ចព្រមព្រៀងល្អ រឹងមាំ និងយូរអង្វែង ដែលធានានូវអត្ថប្រយោជន៍ ដែលរំពឹងទុកដោយ JCPOA សម្រាប់អ៊ីរ៉ង់”។

ការចរចារវាងអ៊ីរ៉ង់ និងភាគីដែលនៅសេសសល់នៃ JCPOA ដើម្បីស្តារឡើងវិញនូវកតិកាសញ្ញានេះ បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនា។

ថ្មីៗនេះ កិច្ចចរចាទ្វេភាគីដែលសម្របសម្រួល ដោយសហភាពអឺរ៉ុប រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងនៅរដ្ឋធានីដូហា ប្រទេសកាតា ទោះបីជាយ៉ាងណាក៏ដោយ ជុំទីមួយនៃកិច្ចចរចាដោយប្រយោល មិនទទួលបានលទ្ធផលជាក់ស្តែងនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top