ព័ត៌មានអន្តរជាតិ

ប្រេស៊ីល រកឃើញករណីជំងឺអុតស្វា បណ្តាលឲ្យស្លាប់ មនុស្សជាលើកដំបូង

ប្រេស៊ីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រប្រទេស ប្រេស៊ីល បានបញ្ជាក់ពីការស្លាប់ ដោយសារជំងឺអុតស្វា ជាលើកដំបូងរបស់ប្រទេស ។ នេះបើយោងតាមក្រសួង សុខាភិបាល បានឲ្យដឹងដូច្នេះ ។

ករណីនេះត្រូវបានរាយការណ៍ នៅក្នុងទីក្រុង Belo Horizonte រដ្ឋធានី នៃរដ្ឋ Minas Gerais ភាគអាគ្នេយ៍ ហើយជនរងគ្រោះគឺជាបុរស អាយុ៤១ឆ្នាំ ដែលកំពុងទទួលការព្យាបាល សម្រាប់ស្ថានភាពគ្លីនិកធ្ងន់ធ្ងរផ្សេងទៀតរួមទាំងជំងឺមហារីក ហើយសុខភាពរបស់គាត់កាន់ តែយ៉ាប់យ៉ឺនបន្ទាប់ពីឆ្លងមេរោគ ។

បុរសដែលមិនបញ្ចេញ ឈ្មោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ សាធារណៈក្នុងទីក្រុង Belo Horizonte ជាកន្លែងដែលគាត់បានទទួលរង នូវការខូចខាតប្រព័ន្ធតម្រងនោម ធ្ងន់ធ្ងរដោយជំងឺអុតស្វា ។

នៅទីក្រុង Minas Gerais អាជ្ញាធរសុខាភិបាលរដ្ឋ បានឲ្យដឹងថា មានករណីឆ្លងជំងឺចំនួន៤៤ករណី និងករណីសង្ស័យចំនួន ១៣០កំពុងស្ថិតនៅក្រោមការ ស៊ើបអង្កេត ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសប្រេស៊ីល មានករណីឆ្លងជំងឺអុតស្វាចំនួន៩៧៨ករណីគិតត្រឹមថ្ងៃពុធ ។

អង្គការសុខភាពពិភពលោក បានប្រកាសការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះថា ជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ ។

អ្នកជំនាញចាត់ថ្នាក់ជំងឺអុតស្វាជាជំងឺមេរោគ ដ៏កម្រដែលបណ្តាលឱ្យមានដំបៅស្បែក ហើយឆ្លងតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង រួមទាំងតាមរយៈការឱប ការថើប ការម៉ាស្សា ឬការរួមភេទ បន្ថែមពីលើការឆ្លងតាមរយៈសម្ងាត់ផ្លូវដង្ហើម ឬការប៉ះសម្លៀកបំពាក់ កន្សែង ឬ វត្ថុផ្សេងទៀតដែលប្រើដោយអ្នកឆ្លង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top