ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អង្គកាសហប្រជាជាតិ ស្វាគមន៍ចំពោះបទឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សា និងអ៊ីស្រាអ៊ែល

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ថា អ្នកនាំពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ឲ្យដឹងកាលពីថ្ងៃអាទិត្យ បានស្វាគមន៍ ពីការប្រកាសបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និងអ៊ីស្រាអ៊ែល ។

លោក Stephane Dujarric បានថ្លែងថា លោក Guterres មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិត និងរបួស រួមទាំងកុមារ ពីការវាយប្រហារ តាមអាកាស លើតំបន់ហ្គាហ្សា និងការបាញ់គ្រាប់រ៉ុក្កែត ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ពីមជ្ឈមណ្ឌលប្រជាជននៅតំបន់ហ្គាហ្សា ដោយក្រុមជីហាដ អ៊ីស្លាម ប៉ាឡេស្ទីន (PIJ) និងក្រុមសកម្មប្រយុទ្ធដទៃទៀត ។

គួរបញ្ជាក់ថា អរិភាពបានរួមចំណែកដល់ ភាពអាសន្នផ្នែកមនុស្សធម៌ ។ ការឆ្លងកាត់ចូលទៅក្នុងតំបន់ហ្គាហ្សាត្រូវបានបិទ ហើយការខ្វះខាតថាមពលកំពុងប៉ះពាល់ដល់គ្រឿងបរិក្ខារសំខាន់ៗ និងការផ្គត់ផ្គង់ ។ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា អគារ និងផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ ឬខូចខាត ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីន រាប់ពាន់នាក់គ្មានផ្ទះសម្បែង ។

អគ្គលេខាធិការបានសរសើរដល់ប្រទេសអេហ្ស៊ីប ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ដែលបានអនុវត្តនៅក្នុងការសម្របសម្រួល យ៉ាងជិតស្និទ្ធ ជាមួយអង្គការសហប្រជាជាតិ ក្នុងការជួយស្តារ ភាពស្ងប់ស្ងាត់ឡើងវិញ ។ លោក Dujarric បានលើកឡើងថា អគ្គលេខាធិការបានអំពាវនាវឱ្យ ភាគីទាំងអស់ សង្កេតបទឈប់បាញ់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top