ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវអនុវត្តបទប្បញ្ញត្តិចំនួន ១០៧ ក្រោមកិច្ចព្រមព្រៀងសមាគម ជាមួយសហភាពអឺរ៉ុប

គៀវ៖ ឧបនាយក​រដ្ឋមន្ត្រី​របស់ប្រទេា សម្រាប់​សមាហរណកម្ម​អឺរ៉ុប និង​អាត្លង់ទិក Olha Stefanishyna បានឲ្យដឹងថា អ៊ុយក្រែន​ត្រូវ​អនុវត្ត​បទប្បញ្ញត្តិ និង​ការ​ណែនាំ​ចំនួន ១០៧ ក្រោម​កិច្ច​ព្រមព្រៀង​ សមាគម​ជាមួយ​សហភាព​អឺរ៉ុប។

លោក Stefanishyna ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលដែលបានលើកឡើងថា សកម្មភាពនីតិប្បញ្ញត្តិភាគច្រើន ដែលត្រូវការសម្រាប់ការធ្វើសមាហរណកម្ម កាន់តែជិតស្និទ្ធរបស់អ៊ុយក្រែន ជាមួយសហភាពអឺរ៉ុបត្រូវបានប្រគល់ទៅឱ្យសភាដើម្បីពិចារណា។ 

លោក Stefanishyna បន្ថែមថា ការបំពេញបទប្បញ្ញត្តិ និងសេចក្តីណែនាំនឹងជួយឱ្យអ៊ុយក្រែន នាំច្បាប់របស់ខ្លួនខិតទៅជិតសហភាពអឺរ៉ុប និងបើកផ្លូវសម្រាប់ការចាប់ផ្តើម នៃកិច្ចពិភាក្សាស្តីពីការចូលជាសមាជិកប្លុកនេះ។

កិច្ចព្រមព្រៀងសមាគមរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប បានចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ដែលអាចឱ្យទីក្រុងគៀវ និងទីក្រុងប្រ៊ុចសែល ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ពាណិជ្ជកម្ម ការពារជាតិ ពន្ធដារ ការគ្រប់គ្រងព្រំដែន និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕ ប្រែសម្រួល ឈូក បូរ៉ា

To Top