ព័ត៌មានអន្តរជាតិ

គណៈប្រតិភូប្រទេសលីទុយអានី ធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិក

ប៉េកាំង៖ ប្រទេសចិនបានថ្កោលទោស ចំពោះដំណើរទស្សនកិច្ចរបស់ មន្ត្រីលីទុយអានីទៅកាន់កោះតៃវ៉ាន់ និងបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដែលខ្លួនពិពណ៌នាថា ជាការប្រមាថចំពោះគោលការណ៍ “ចិនតែមួយ” នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីសប្តាហ៍មុន ក្រសួងការបរទេសរបស់ កោះតៃវ៉ាន់បានប្រកាសថា អនុរដ្ឋមន្ត្រីដឹកជញ្ជូន និងទំនាក់ទំនងរបស់ប្រទេស លីទុយអានី លោក Agne Vaiciukeviciute បានមកដល់កោះគ្រប់គ្រងដោយខ្លួនឯង រួមជាមួយនឹងគណៈប្រតិភូចំនួន ១១នាក់ សម្រាប់អ្វីដែលគេរំពឹងថា នឹងមានដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ។

ដំណើរទស្សនកិច្ចនេះកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទៅកាន់កោះនេះកាលពីថ្ងៃទី ២ ខែសីហា ដែលជាទង្វើដែលបង្កឱ្យមានប្រតិកម្ម យ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវបាន អបអរសាទរដោយរដ្ឋាភិបាលនៅទីក្រុង Vilnius ផងដែរ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា “ប្រទេសចិនថ្កោលទោសយ៉ាងខ្លាំង ចំពោះកងកម្លាំងប្រឆាំងចិន Lithuanian ចំពោះការបំពានដោយចេតនា របស់ពួកគេលើអធិបតេយ្យភាព របស់ប្រទេសចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន” ។

លោកក៏បានគូសបញ្ជាក់ពីការពិតដែលថា ទីក្រុងប៉េកាំងមើលឃើញគោលការណ៍ “ចិនតែមួយ” ជា “បទដ្ឋានជាមូលដ្ឋានមួយ នៃទំនាក់ទំនងអន្តរជាតិ និងជាមូលដ្ឋានគ្រឹះនយោបាយ សម្រាប់ប្រទេសចិនក្នុងការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីជាមួយ ប្រទេសដទៃទៀត រួមទាំងប្រទេសលីទុយអានី” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top