ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិ, មេដឹកនាំតួកគី នឹងជួបជាមួយលោក Zelensky នៅ ប្រទេសអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នៅទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ។ ការពិភាក្សាទំនងជានឹងរួមបញ្ចូលការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន និងភាពគ្រោះថ្នាក់របស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បានប្រកាសកិច្ចប្រជុំកាលពីថ្ងៃអង្គារដោយនិយាយថា លោក Guterres ត្រូវបានអញ្ជើញឱ្យទៅទីក្រុង Lviv ដោយលោក Zelensky ។ លោក Guterres ក៏នឹងទៅទស្សនាទីក្រុង Odessa ដែលជាទីក្រុងកំពង់ផែ ដែលការដឹកជញ្ជូនគ្រាប់ធញ្ញជាតិឆ្លងកាត់សមុទ្រខ្មៅនាពេលថ្មីៗនេះបានចាប់ផ្តើមឡើងវិញ បន្ទាប់ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសតួកគី និងអង្គការសហប្រជាជាតិ ដើម្បីធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាពរបស់ពួកគេ។

ការិយាល័យរបស់លោក Erdogan វិញក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំបីផ្លូវ នឹងផ្តោតលើការរក្សាកិច្ចសហប្រតិបត្តិការលើការនាំចេញទាំងនេះ និង “ការបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី តាមរយៈផ្លូវការទូត” ។

បន្ទាប់ពីចាកចេញពីអ៊ុយក្រែន លោក Guterrez អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងទៅទស្សនាមជ្ឈមណ្ឌលសម្របសម្រួលរួមនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងប្រទេសតួកគី ពីកន្លែងដែលការដឹកជញ្ជូនត្រូវបានត្រួតពិនិត្យដោយមន្ត្រីរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ ផងដែរ៕ប្រែសម្រួលៈ ណៃ តុល

To Top