ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ៖ បណ្ណាល័យព្រឹទ្ធសភា កាន់តែទំនើប តាមរយៈជំនួយ ពីភាគីចិន

បណ្ណាល័យព្រឹទ្ធសភាកម្ពុជា ទទួលបានការជួយអភិវឌ្ឍន៍ ជាបន្តបន្ទាប់ពីភាគីចិន ជាពិសេស ថ្មីៗនេះ ចិនបានជួយអភិវឌ្ឍន៍ ឲ្យក្លាយជាបណ្តាល័យ អេឡិចត្រូនិក ដែលនឹងចួលរួមចំណែក កាន់តែខ្លាំង ក្នុងការបណ្តុះគំនិត លើការអាន ជាពិសេស ផ្តល់ឱកាសដល់សាធារណជន បានយល់ដឹង កាន់តែច្បាស់អំពីប្រទេសចិន ត្បិតតែ សៀវភៅទាក់ទងពីប្រទេសចិន ទទួលបានការគាំទ្រ ច្រើនពីប្រិយមិត្តអ្នកអាន ទាំងមន្ត្រីព្រឹទ្ធសភាផ្ទាល់ និងសាធារណជនទូទៅ។

លោកស្រី វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា តាមពិតទៅ ជំនួយរបស់ចិនមានតាំងពីការជួយកសាងអគារបណ្ណាល័យតាំងពីឆ្នាំ២០០១ រហូតដល់មានការជួយជួសជុលជាបន្តបន្ទាប់ មុនពេលឈានដល់ជំនួយក្រោយបង្អស់ គឺជាការជួយកែលម្អបណ្ណាល័យព្រឹទ្ធសភា ឲ្យកាន់តែទំនើប នោះគឺបណ្ណាល័យអេឡិត្រូនិក តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា។

លោកស្រីថា ជំនួយចុងក្រោយនេះគឺជាសំដៅលើការកែលម្អសាលអាន (Window of China) ដែលមានការតាំងសៀវភៅទាក់ទងនឹងកម្ពុជានិងចិន។ ក្រៅពីនេះ មានការបំពាក់គ្រឿងបរិក្ខា និងប្រព័ន្ធទំនើបកម្ម ខាងផ្នែកបណ្ណាល័យនេះ។ ក្រៅពីនេះ កន្លងមក ក៏មានផ្តល់ជាសៀវភៅចិន និងការជួយរៀបចំជាធ្វើសិក្ខាសាលាផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិន។

លោកស្រីថា ទាក់ទងនឹងសៀវភៅនេះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាធារណជន ក៏ដូចជា និស្សិតចូលចិត្តអានច្រើន ជាពិសេស សៀវភៅទាក់ទងប្រជាធិបតេយ្យតាមបែបផែនចិន ដែលបកប្រែជាភាសាខ្មែរ ដោយលោបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ពួកគាត់ចូលចិត្តអាន ព្រោះថាពួកគាត់ធ្លាប់រៀនភាសាចិន ជាអ្នកធ្លាប់បានអាហារូបករណ៍ទៅរៀននៅចិន ហើយពួកគាត់ក៏ចង់ដឹងច្រើន អំពីទំនាក់ទំនង រវាងកម្ពុជានិងចិន ពីវប្បធម៌ចិន ការគ្រប់គ្រងតាមបែបផែនចិន វិជ្ជាពេទ្យរបស់ចិន ជាដើម ដែលសុទ្ធតែទទួលបានការចាប់អារម្មណ៍អានច្រើន។

ក្នុងនាមមន្ត្រីព្រឹទ្ធសភា លោកស្រីសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភាគីចិន ដែលបានជួយអភិវឌ្ឍន៍បណ្ណាល័យព្រឹទ្ធសភា ឲ្យកាន់តែទំនើប ដើម្បីបន្តផ្តល់នូវចំណេះដឹងតាមរយៈការអានសៀវភៅ ជូនដល់សាធារណជន ជាពិសេស ថ្នាក់ដឹកនាំ និងមន្ត្រីព្រឹទ្ធសភា។

«នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះការធ្លាប់បានទទួលការបណ្តុះបណ្តាលផ្នែកបណ្ណាល័យ នៅប្រទេសចិន សូមអរគុណដល់ស្ថានទូតចិន រដ្ឋាភិបាលចិន ដែលបានផ្តល់អាហារូបករណ៍សម្រាប់នាងខ្ញុំ ទាក់ទងនឹងជំនាញ គ្រប់គ្រងបណ្ណាល័យ សូមអរគុណដល់ ស្ថានទូតចិន រដ្ឋាភិបាលចិនដែលបានជួយអភិវឌ្ឍន៍ បណ្ណាល័យនៅព្រឹទ្ធសភា ជាប្រភេទប្រព័ន្ធបណ្ណាល័យ ដែលនាងខ្ញុំធ្លាប់បានឃើញ នៅប្រទេសចិន ដែលជាបណ្ណាល័បែបទំនើប ធំទូលាយ ហើយមានសេវាគ្រប់បែបយ៉ាង ហើយពេលនេះ ភាគីចិនបានចាប់ផ្តើមជួយមកដល់បណ្ណាល័យ ជាបណ្តើរៗហើយក៏សូមអរគុណដល់ប្រធានសមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការដែលតែងតែមកជួយ សម្របសម្រួល ហើយក៏អរគុណដល់ប្រធានវប្បធម៌ចិន រហូតដល់មានការគាំទ្រពីស្ថានទូតចិន ក៏ដូចជា រដ្ឋាភិបាលចិន ដូចពេលនេះ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ហើយក៏សូមជូនពរ ដល់ភាគីចិន ក៏ដូចជា វិទ្យុមិត្តភាពកម្ពុជា-ចិន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមឲ្យមានសុខភាពល្អទាំងអស់គ្នា»។

គួរបញ្ជាក់ថា ថ្មីៗនេះ ស្លាកសមិទ្ធផលលើការជួសជុល អគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបត្រូវបានរៀបចំ ពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត ចិន ប្រចាំ កម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃប្រទេសកម្ពុជា ក្នុងពេលនោះ បានវាយតម្លៃខ្ពស់ដោយសេចក្តីពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា ដែលតែងមានទំនាក់ទំនងជាប្រចាំ និងកាន់តែប្រសើរឡើង បើទោះបីជាស្ថិតក្នុងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ នេះបង្ហាញឲ្យឃើញ ពីទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន កាន់តែរឹងមាំ និង ភាពធននឹងវិបត្តិ មិនថាសម្រាប់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលទំនាក់ទំនងមិត្តភាពដែកថែបនេះ នឹងក្លាយទៅជាផលប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាជន និងកូនចៅ កម្ពុជា-ចិន គ្រប់ជំនាន់ទៅមុខទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានរំលឹកថា ជំនួយរបស់ប្រទេសចិន មកព្រឹទ្ធសភាកម្ពុជា នៅពេលនេះ មិនមែនជាជំនួយលើកទី១ ហើយរឹតតែមិនមែនជាជំនួយលើកចុងក្រោយនោះទេ ដោយសារតែប្រទេសចិន តែងយកចិត្តទុកដាក់ជួសជុល និងកែលម្អឲ្យកាន់តែប្រសើរ ទៅលើរាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាជំនួយរបស់ប្រទេសចិន។ ជាក់ស្តែង អគារបណ្ណាល័យនេះត្រូវបានសាងសង់ ក្រោមជំនួយកិច្ចសហប្រតិបត្តិការ របស់សាធារណរដ្ឋប្រជាមានិតចិន ហើយនាពេលនេះ ត្រូវបានជួសជុលធ្វើទំនើបកម្ម មកក្លាយជាបណ្ណាល័យ អេឡិចត្រូនិច ដែលនេះគឺជាកាយវិការដ៏សប្បុរស ល្អប្រពៃ និងយកចិត្តទុកដាក់ខ្ពស់ របស់មិត្តចិន មកលើប្រទេសកម្ពុជា៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top