បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកខាងលិចកំពុង “យឺតយ៉ាវ ឬក៏មិនចាប់ផ្តើមតែម្តង” លើការចែកចាយរថក្រោះ ប្រយុទ្ធកម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។ យោងតាមប្រភពរបស់សារព័ត៌មានគឺថា ការផ្គត់ផ្គង់គ្រឿងសឹកលោកខាងលិច នឹងបង្ហាញពីបញ្ហាបច្ចេកទេសមួយចំនួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក គឺទីប្រឹក្សាអ៊ុយក្រែន និងជំនួយការសភា រដ្ឋាភិបាលទីក្រុងគៀវ ចង់បានជាបន្ទាន់នូវរថក្រោះទំនើបប្រភេទ M-1 Abrams ផលិតដោយអាមេរិក និងរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ ដើម្បីធ្វើការវាយលុកថ្មីប្រឆាំងនឹងរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៃប្រទេសទាំងពីរ មានការស្ទាក់ស្ទើរក្នុងការបើកភ្លើងខៀវ ចំពោះការចែកចាយរថក្រោះប្រភេទនេះ ដោយសារតែបញ្ហាបណ្តុះបណ្តាល និងការរៀបចំ។
ឧត្តមសេនីយ៍ Ben Hodges ដែលចូលនិវត្តន៍ អតីតមេបញ្ជាការកងទ័ពជើងគោកអាមេរិក ប្រចាំទ្វីបអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មានថា “ទាំងនេះមិនមែនជារថយន្តជួលទេ វាមានច្រើនណាស់ដែលទៅជាមួយ” ដោយបន្ថែមថា “វត្ថុបន្ថែមរាប់រយ” ត្រូវការអមជាមួយរថក្រោះ។
សារព័ត៌មាន Politico បានកត់សម្គាល់ថា រថក្រោះ M-1 ខុសគ្នាទាំងស្រុង ពីរថពាសដែកសម័យសូវៀត ដែលក្រុងគៀវបានប្រើ។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់សារព័ត៌មានថា វានឹងពិបាកក្នុងការបញ្ជូន ទៅឱ្យអ៊ុយក្រែនមិនត្រឹមតែរថក្រោះប៉ុណ្ណោះទេ ថែមទាំងមានផ្នែកសម្រាប់ថែរក្សារថក្រោះទាំងនោះថែមទៀត៕ ប្រែសម្រួលៈ ណៃ តុលា