ព័ត៌មានអន្តរជាតិ

រុស្ស៊ី និង ចិន ប្រាប់ ទៅអាមេរិក ឲ្យប្រគល់ មូលនិធិ អាហ្វហ្កានីស្ថាន ដែល បាន ជាប់គាំង ចំនួន ៧ ពាន់ លាន ដុល្លារ មកវិញជាបន្ទាន់

ម៉ូស្គូ ៖ ប្រទេសចិន និងរុស្ស៊ីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារឱ្យបញ្ចេញ ប្រាក់បម្រុងបរទេសចំនួន ៧ពាន់លានដុល្លាររបស់អាហ្វហ្គានីស្ថាន ដែលត្រូវបានបង្កកនៅពេល ដែលពួកតាលីបង់បានដណ្តើម កាន់កាប់ប្រទេស កាលពីមួយឆ្នាំមុន។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនចង់ឱ្យលុយនេះ យកទៅឲ្យក្រុមតាលីបង់ ដែលបានកម្ចាត់កងកម្លាំងដែលគាំទ្រដោយលោកខាងលិចក្នុងខែសីហា ឆ្នាំ២០២១ បន្ទាប់ពីជម្លោះរយៈពេល ២០ឆ្នាំនោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបញ្ជាឱ្យប្រើប្រាស់ពាក់កណ្តាល នៃមូលនិធិ ដើម្បីបង្កើតការទុកចិត្តមួយ ដើម្បីផ្តល់សំណង ដល់ជនរងគ្រោះ ដែលនៅតែស្វែងរកការសង្គ្រោះ សម្រាប់ការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ដែលត្រូវបានគ្រោងទុកដោយប្រតិបត្តិករអាល់កៃដា ដែលធ្វើការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោមការការពាររបស់ពួកតាលីបង់។

នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ លោក Geng Fhung ឯកអគ្គរដ្ឋទូតរងរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការ ប្រគល់ទ្រព្យសម្បត្តិ ដែលបានបង្កកមកវិញ យ៉ាងពេញលេញ និងយ៉ាងឆាប់រហ័ស ដើម្បីជួយ បន្ធូរបន្ថយវិបត្តិមនុស្សធម៌ នៅអាហ្វហ្គានីស្ថាន និងការឈឺចាប់ផ្នែកមនុស្សធម៌ របស់ប្រជាជនអាហ្វហ្គានីស្ថាន។

នៅក្នុងនោះដែរលោកស្រី Anna Evstigneeva ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងផងដែរថា សហរដ្ឋអាមេរិក គួរតែផ្តល់ប្រាក់មកវិញជាបន្ទាន់ ។

កួរបញ្ចាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងខែនេះ បានបង្កើតមូលនិធិចំនួន ៣,៥ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដែលកំពុងកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈពេលដែលរក្សាមូលនិធិនេះមានប្រភពចេញពីដៃរបស់ពួកតាលីបង់នោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top