ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនអ្នកដំណើរម្នាក់​ បន្ទាប់ពីសង្ស័យថាមានបំណង ដាក់បំផ្ទុះគ្រាប់បែក នៅលើជើងហោះហើរ Singapore Airlines

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងនៅថ្ងៃពុធនេះថា ប៉ូលិសបានចាប់ខ្លួនបុរសអាយុ៣៧ឆ្នាំម្នាក់ នៅលើជើងហោះហើររបស់ Singapore Airlines បន្ទាប់ពីរូបគាត់បានបំពានមកលើបុគ្គលិកកាប៊ីន ហើយអះអាងថា គាត់មានគ្រាប់បែកនៅក្នុងកាបូបយួរតាមខ្លួន ។

ជាការឆ្លើយតបទៅនឹងសំណួររបស់ទូរទស្សន៍ CNA ប៉ូលិសបានលើកឡើងថា ករណីនេះត្រូវបានជូនដំណឹង នៅម៉ោង២និង៤០នាទីព្រឹកចំពោះការគំរាមកំហែងដោយគ្រាប់បែក នៅលើជើងហោះហើរ SQ33 ពីរដ្ឋ San Francisco ទៅកាន់ប្រទេសសិង្ហបុរី ។

បុរសរូបនោះត្រូវបានឃាត់ដោយក្រុមនាវិក ហើយក្រោយមកប៉ូលិសបានចាប់ខ្លួនគាត់ ពីបទបង្កការគំរាមកំហែងមិនពិត នៃសកម្មភាពភេរវករ និងពីបទសង្ស័យប្រើប្រាស់គ្រឿងញៀន ។

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានឲ្យដឹងថា អ្នកដំណើរ “មិនសមរម្យ” ត្រូវបានគេចោទប្រកាន់ថា បានរត់បុកសមាជិកនាវិកនៅក្នុងកាប៊ីន ។

ប៉ូលិសបានឲ្យដឹងថា យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Changi នៅម៉ោងប្រហែល៥និង៥០នាទី ព្រឹក ក្រោមការអមដំណើររបស់យន្តហោះចម្បាំង F-16C/D របស់កងទ័ពអាកាសសាធារណរដ្ឋសិង្ហបុរី ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបានលើកឡើងថា បន្ទាប់មកយន្តហោះត្រូវបាន នាំទៅកាន់ឈូងសមុទ្រដាច់ស្រយាលមួយ សម្រាប់ការត្រួតពិនិត្យសន្តិសុខ ហើយអ្នកដំណើរត្រូវបានប្រគល់ឱ្យប៉ូលិសអាកាសយានដ្ឋាន ។ បន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពត្រូវបានបញ្ចប់ យន្តហោះត្រូវបានអូសទៅកាន់ស្ថានីយទី៣វិញ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top