ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី បង្ហាញព័ត៌មានលម្អិត នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន នៅតំបន់គ្រីមៀ

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន មិនជោគជ័យលើទីក្រុងកំពង់ផែ Sevastopol នៅតំបន់គ្រីមៀ កាលពីព្រឹកថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកចំនួន៩គ្រឿង និងយានក្នុងទឹកគ្មានមនុស្សបើកចំនួន ៧គ្រឿង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ថា “ការវាយប្រហារភេរវករ” ដែលបានកំណត់គោលដៅលើនាវានៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី និងកប៉ាល់ស៊ីវិល ដែលចូលចតក្នុងទីក្រុងនេះ បានចាប់ផ្តើមនៅម៉ោងប្រហែល ៤ និង២០នាទីព្រឹកម៉ោងក្នុងស្រុក។

ក្រសួងបានបន្ថែមថា កប៉ាល់កងទ័ពជើងទឹករុស្ស៊ី បានចូលរួមក្នុងការផ្តល់សន្តិសុខសម្រាប់ “ច្រករបៀងគ្រាប់ធញ្ញជាតិ” ដែលត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាត ឱ្យនាំចេញផលិតផលអាហារអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅ ស្របតាមកិច្ចព្រមព្រៀងដែលសម្រេចបានរវាងទីក្រុងម៉ូស្គូ និងក្រុងគៀវ ជាមួយអង្គការសហប្រជាជាតិ និងតួកគី ការសម្របសម្រួលក្នុងរដូវក្តៅ។

ក្រសួងបាននិយាយទៀតថា យន្តហោះគ្មានមនុស្សបើកទាំងអស់ ត្រូវបានបាញ់ទម្លាក់ដោយនាវាចម្បាំងរុស្ស៊ី និងអាកាសចរណ៍កងទ័ពជើងទឹកនៅឈូងសមុទ្រ Sevastopol ។

យោងតាមសេចក្តីថ្លែងការណ៍ដដែល គឺ ការវាយប្រហារនេះ បានបណ្តាលឱ្យមានការខូចខាតតិចតួច ដល់កប៉ាល់នេសាទ ‘Ivan Golubets’ និងរបាំងការពារការលើទឹកនៅក្នុងឈូងសមុទ្រ៕ ប្រែសម្រួលៈ ណៃ តុលា

To Top