ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះរថយន្តដឹកឧស្ម័ន នៅភាគឦសាន នៃក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យស្លាប់ និងរបួសជាង២០នាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថា មានករណីផ្ទុះឆេះរថយន្តដឹកប្រេង១គ្រឿង នៅភាគឦសាននៃទីក្រុងបាដាដ កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន៨នាក់ និង១៨នាក់ទៀតរងរបួស នេះបើតាមប្រភពពីសន្តិសុខអ៊ីរ៉ាក់បានបញ្ជាក់ដូច្នេះ ។

ប្រភពពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួរ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រថយន្តដឹកឧស្ម័នចល័តបានផ្ទុះបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្តមួយផ្សេងទៀតនៅក្នុងសង្កាត់ al-Binouk ដោយបានធ្វើឱ្យខូចខាតរថយន្តស៊ីវិល និងអគារជាច្រើននៅក្បែរនោះ ។

ប្រភពបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចកើនឡើង នៅគ្រាដែលរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តស៊ីវិលបានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅក្បែរនោះ ។

ទន្ទឹមនឹងនេះដែរ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៃបញ្ជាការប្រតិបត្តិការចម្រុះអ៊ីរ៉ាក់ បានបញ្ជាក់ពីការបំផ្ទុះដ៏សាហាវនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ។ ការិយាល័យបានឲ្យដឹងថា ព័ត៌មានលម្អិតបន្ថែមទៀតនឹងត្រូវបានចេញផ្សាយ បន្ទាប់ពីការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top