ព័ត៌មានអន្តរជាតិ

លោក Sergei Lavrov នឹងដឹកនាំប្រតិភូរុស្ស៊ី ទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី ដោយគ្មានវត្ដមានលោក ពូទីន

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រទេសទាំង២០ (G20) នៅកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី នៅសប្តាហ៍ក្រោយ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា Lavrov នឹងចូលរួមក្នុងសម័យប្រជុំពេញអង្គ និងរៀបចំកិច្ចប្រជុំទ្វេភាគីមួយចំនួន នៅខាងក្រៅព្រឹត្តិការណ៍នេះ តមណាងឲ្យប្រទេសរុស្ស៊ី បើទោះជាគ្មានវត្ដមានរបស់លោក ពូទីន។

លោកបានលើកឡើងថា “រុស្ស៊ីនឹងបញ្ជាក់ពីការ ត្រៀមខ្លួនរបស់ខ្លួន នៅតែជាអ្នកផ្គត់ផ្គង់អាហារ និងថាមពល ដែលអាចទុកចិត្តបានដល់ទីផ្សារបរទេស ដោយផ្អែកលើមូលដ្ឋានពាណិជ្ជកម្ម និងមនុស្សធម៌ ដែលត្រូវបានគ្រោងនឹងប្រកាស ពីគំនិតផ្តួចផ្តើមជាក់លាក់ មួយចំនួនក្នុងរឿងនេះ រួមទាំងការកសាងកិច្ចសហប្រតិបត្តិការ ឧស្ម័នជាមួយតួកគី ក្នុងការរៀបចំការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងជីយ៉ាងច្រើន”

នៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់នោះទេ ប៉ុន្តែមន្ត្រីរុស្ស៊ីជាច្រើននាក់បានលើកឡើងថា លោកពូទីន អាចចូលរួមនៅក្នុងទម្រង់អនឡាញមួយ។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នឹងចូលរួមកិច្ចប្រជុំកំពូល “ក្នុងទម្រង់មួយចំនួន” នេះបើតាមអ្នកនាំពាក្យ ប្រធានាធិបតីអ៊ុយក្រែនលោក Sergii Nykyforov បានឲ្យដឹងនៅដើមសប្តាហ៍នេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top