ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក៖ មន្ទីរបញ្ចកោណនឹងគាំទ្រយោធា របស់កោះតៃវ៉ាន់ទាំងអាវុធ និងការហ្វឹកហ្វឺន

បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោក Mark Milley បាននិយាយថា មន្ទីរបញ្ចកោណនឹងគាំទ្រយោធារបស់កោះតៃវ៉ាន់ទាំងអាវុធ និងការហ្វឹកហ្វឺន ដោយព្រមានប្រឆាំងនឹងការវាយប្រហាររបស់ចិននៅលើកោះនេះ ខណៈពេលដែលចោទប្រកាន់ទីក្រុងប៉េកាំងថា កំពុងស្វែងរក “ឧត្តមភាពយោធាសកល” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងដោយក្លឹបសេដ្ឋកិច្ចនៃទីក្រុងញូវយ៉កកាលពីថ្ងៃពុធ ឧត្តមសេនីយ៍អាមេរិករូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយទីក្រុងតៃប៉ិ បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីទីក្រុងប៉េកាំងដែលចាត់ទុកកោះនេះជាផ្នែកនៃទឹកដីអធិបតេយ្យភាពរបស់ប្រទេសចិនក៏ដោយ។

លោក Milley បាននិយាយថា “សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តតាមរយៈច្បាប់ទំនាក់ទំនងតៃវ៉ាន់ ហើយប្រធានាធិបតី Joe Biden បាននិយាយក្នុងឱកាសជាច្រើននាពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកោះតៃវ៉ាន់” ។ “យើងនឹងគាំទ្រពួកគេដោយយោធា” និង “ព្យាយាមជួយបណ្តុះបណ្តាលពួកគេនិងបំពាក់ឧបករណ៍ឱ្យពួកគេ (កោះតៃវ៉ាន់)។

លោកឧត្តមសេនីយ៍ Milley បានបន្តអះអាងថា ខណៈពេលដែលមិនមានការចង្អុលបង្ហាញថា ទីក្រុងប៉េកាំងនឹងវាយប្រហារកោះនេះក្នុងពេលអនាគតភ្លាមៗនោះ ប្រធានាធិបតីចិន លោក Xi Jinping ឥឡូវនេះកំពុង “វាយតម្លៃស្ថានភាព និងគណនាឡើងវិញនូវអ្វីដែលពួកគេអាចធ្វើ” ដោយកត់សម្គាល់ថា ការវាយលុកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នឹង “ពិតជា លំបាក៕ប្រែសម្រួលៈ ណៃ តុលា

To Top