ព័ត៌មានអន្តរជាតិ

អាមេរិក បដិសេធបញ្ជូនយន្តហោះគ្មានមនុស្សបើកទំនើប Grey Eagle MQ-1C ទៅឱ្យអ៊ុយក្រែន

សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានបដិសេធសំណើរបស់ទីក្រុងគៀវ ក្នុងការផ្តល់ឱ្យវានូវយន្តហោះគ្មានមនុស្សបើកទំនើប ជុំវិញការព្រួយបារម្ភថា ការធ្វើដូច្នេះអាចបង្កើនជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក និងមនុស្សដែលដឹងពីបញ្ហាដែលត្រូវបានសម្ភាសន៍ដោយកាសែត គឺសហរដ្ឋអាមេរិកនឹងមិនបញ្ជូនយន្តហោះដ្រូនប្រភេទ Grey Eagle MQ-1C ទៅកាន់ប្រទេសអ៊ុយក្រែន ដែលបានស្នើសុំអស់រយៈពេលជាច្រើនខែនោះទេ។ ពួកគេបាននិយាយថា ជំនួយយោធាប្រភេទនេះអាច “ផ្តល់សញ្ញាដល់ទីក្រុងមូស្គូថា សហរដ្ឋអាមេរិកកំពុងផ្តល់សព្វាវុធ ដែលអាចកំណត់គោលដៅទីតាំងនៅក្នុងប្រទេសរុស្ស៊ី”។

របាយការណ៍បាននិយាយថា មន្ត្រីអាមេរិកក៏បារម្ភថា បច្ចេកវិទ្យាដែលប្រើក្នុងយន្តហោះគ្មានមនុស្សបើក ជាពិសេសកាមេរ៉ា អាចធ្លាក់ទៅក្នុងដៃខុស។

នៅក្នុងខែកញ្ញា ក្រុមសមាជិកសភាអាមេរិកមួយក្រុម ត្រូវបានគេនិយាយថា បានទទូចឱ្យរដ្ឋបាលរបស់លោក Biden បញ្ជូនទៅកាន់អ៊ុយក្រែននូវយន្តហោះគ្មានមនុស្សបើកបំពាក់អាវុធ ដែលអាចស្ថិតនៅលើអាកាសបានលើសពី ២៤ ម៉ោង។ នៅក្នុងលិខិតរបស់ពួកគេ ពួកគេបានស្នើសុំឱ្យដំណើរការត្រួតពិនិត្យត្រូវបានពន្លឿន ផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top