ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ចោទយោធារុស្ស៊ីថា បានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅក្រុង Kherson

KHERSON៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់យោធារុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅក្រុង Kherson ដែលផ្នែកខ្លះត្រូវបានយោធាអ៊ុយក្រែនដណ្តើមយកមកវិញកាលពីសប្តាហ៍មុន បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញក្រុងនេះ ។
លោក Zelenskyy បានថ្លែងដោយគូសបញ្ជាក់តាមរយៈវីដេអូនាពេលយប់របស់គាត់ថា “អ្នកស៊ើបអង្កេតបានចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីជាង៤០០ករណីរួចហើយ ។ សាកសពជនស៊ីវិល និងយោធាដែលបានស្លាប់ត្រូវបានរកឃើញ”។

លោកបានថ្លែងថា “កងទ័ពរុស្ស៊ីបានបន្សល់ទុកនូវអំពើព្រៃផ្សៃដូចគ្នាដែលក្រុមនេះបានធ្វើនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសដែលខ្លួនបានចូលឈ្លានពាន” ។

ទីភ្នាក់ងារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់លើការចោទប្រកាន់របស់គាត់ភ្លាមៗនោះទេ ។ រុស្ស៊ី បានបដិសេធថា យោធារបស់ខ្លួនមានចេតនាកំណត់គោលដៅជនស៊ីវិល ។

ក្រុមមន្ត្រីនៅក្នុងតំបន់បានឲ្យដឹងថា ក្រុមហ៊ុនឧបករណ៍ប្រើប្រាស់នៅក្នុងក្រុង Kherson ភាគខាងត្បូងប្រទេសកំពុងធ្វើការដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរងការខូចខាត និងជីកយករ៉ែដោយការភៀសខ្លួនចេញពីកងកម្លាំងរុស្ស៊ី ដោយផ្ទះភាគច្រើននៅក្នុងទីក្រុងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននៅតែគ្មានអគ្គិសនី និងទឹកប្រើប្រាស់ ។

កាលពីថ្ងៃសុក្រ យោធាអ៊ុយក្រែន បានមកដល់កណ្តាលទីក្រុង Kherson បន្ទាប់ពីប្រទេសរុស្ស៊ី បានបោះបង់ចោលរដ្ឋធានីក្នុងតំបន់តែមួយគត់ដែលខ្លួនបានកាន់កាប់ចាប់តាំងពីក្រុងម៉ូស្គូ បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនក្នុងខែកុម្ភៈ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top