ព័ត៌មានអន្តរជាតិ

Update៖ ចាប់ខ្លួនជនសង្ស័យជាភេរវករបំផ្ទុះគ្រាប់ បណ្តាលស្លាប់មនុស្សតិចបំផុត ៦នាក់និងរបួស ៨១នាក់ នៅក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី

អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Suleyman Soylu រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងនៅថ្ងៃចន្ទនេះថា ជនសង្ស័យម្នាក់ដែលបានបន្សល់ទុកគ្រាប់បែកដែលបណ្តាលឱ្យមានការផ្ទុះនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានចាប់ខ្លួនដោយប៉ូលិស នេះបើយោងតាមបណ្តាញទំនាក់ទំនង Twitter ជាភាសាអង់គ្លេសរបស់ទីភ្នាក់ងាររដ្ឋ Anadolu បានផ្សាយឲ្យដឹង ។

មនុស្សចំនួន៦នាក់ត្រូវបានសម្លាប់ និង៨១នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យនៅគ្រាដែលការផ្ទុះមួយបានកក្រើកលើផ្លូវថ្មើរជើងដ៏មមាញឹកនៅ Istiklal Avenue កណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ដែលនេះជាអ្វីដែលលោកប្រធានាធិបតីតួកគី Tayyip Erdogan បានហៅការវាយប្រហារដោយគ្រាប់បែកថា “ដូចជាភេរវកម្ម” ។ មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្លូវប្រវត្តិសាស្ត្រ Istiklal បន្ទាប់ពីមានការផ្ទុះនេះ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ និងប៉ូលិសបានរត់ចូលតំបន់នោះ ។ តំបន់នេះនៅក្នុងសង្កាត់ Beyoglu នៃទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី បានកកកុញដោយមនុស្សជាធម្មតានៅចុងសប្តាហ៍ជាមួយនឹងអ្នកទិញទំនិញ អ្នកទេសចរ និងក្រុមគ្រួសារដើរកម្សាន្ត ។

រូបភាពវីដេអូដែលទទួលបានដោយទីភ្នាក់ងារ Reuters បង្ហាញពីពេលដែលការផ្ទុះបានកើតឡើងនៅម៉ោង៤និង១៣ល្ងាច ដោយបានប៉ើងកំទេចកំទីទៅលើអាកាស ហើយទុកឱ្យមនុស្សជាច្រើនដេកនៅលើដី ខណៈដែលអ្នកផ្សេងទៀតជំពប់ជើងដួល។

នៅប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះនេះកើតឡើង អនុប្រធាន Fuat Oktay បានទៅមើលទីតាំងដើម្បីផ្តល់ចំនួនអ្នកស្លាប់ និងរបួសចុងក្រោយបង្អស់ ហើយបានសន្យាថា នឹងដោះស្រាយបញ្ហានេះឲ្យបាន “ឆាប់ៗនេះ” ។

លុះក្រោយមកអាជ្ញាធរបានបញ្ជាក់ថា បុគ្គលិកក្រសួងរដ្ឋាភិបាលម្នាក់ និងកូនស្រីរបស់គាត់ស្ថិតក្នុងចំណោមអ្នកស្លាប់នោះដែរ ។ មនុស្ស៥នាក់កំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យ ក្នុងនោះ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះនៅឡើយទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top