បរទេស៖ ប្រមុខការពារជាតិអាមេរិក និងឥណ្ឌូណេស៊ី បានបង្ហាញលទ្ធផលក្រោយពីកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃចន្ទ ជាមួយនឹងការយល់ខុសគ្នាយ៉ាងច្បាស់ថា តើប្រទេសទាំងពីរមានភាពជិតស្និទ្ធិខាងផ្នែកយោធាកម្រិតណា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បង្ហាញមុខនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សាកាតា បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយអំពីការពង្រឹង ទំនាក់ទំនងការពារជាតិឱ្យកាន់តែស៊ីជម្រៅ និងបង្កើន “អន្តរប្រតិបត្តិការ” នៃសព្វាវុធរបស់ប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី Prabowo Subianto បានការពារម្តងហើយម្តងទៀតនូវទំនាក់ទំនងដ៏រឹងមាំរបស់ប្រទេសឥណ្ឌូនេស៊ីជាមួយគូប្រឆាំងដ៏ធំបំផុតពីររបស់អាមេរិកគឺរុស្ស៊ី និងចិន។
លោក Lloyd Austin បាននិយាយថា «សហរដ្ឋអាមេរិកមានមោទនភាពក្នុងការចាប់ដៃគូជាមួយអ្នក ខណៈដែលយើងធ្វើការជាមួយគ្នាដើម្បីជំរុញចក្ខុវិស័យរួមរបស់យើងអំពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។ ប៉ុន្តែលោក Subianto បានរំលឹកសារពត៌មានអំពីជំហរភូមិសាស្ត្រនយោបាយ អព្យាក្រឹតរបស់ទីក្រុងហ្សាកាតាដោយនិយាយថា “ខ្ញុំចង់សង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីតែងតែប្រកាន់ជំហរព្យាយាម រក្សាទំនាក់ទំនងល្អបំផុតជាមួយគ្រប់ប្រទេស ជាពិសេសមហាអំណាចទាំងអស់”។
កិច្ចពិភាក្សានេះបានកើតឡើងចំពេលមានភាពតានតឹងកើន ឡើងរវាងសហរដ្ឋអាមេរិក និងចិន ដែលបានប៉ះទង្គិចកាន់តែខ្លាំងឡើងជុំវិញការជ្រៀតជ្រែក របស់ទីក្រុងវ៉ាស៊ីនតោនក្នុងទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយកោះតៃវ៉ាន់។ ប្រទេសចិនបានកាត់ផ្តាច់ទំនាក់ទំនង ការពារជាតិជាមួយសហរដ្ឋអាមេរិកកាលពីខែសីហា បន្ទាប់ពីប្រធានសភាលោកស្រី Nancy Pelosi បានផ្គើននឹងការព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងទាមទារអធិបតេយ្យភាព៕
ប្រែសម្រួលៈ ណៃ តុលា