ព័ត៌មានអន្តរជាតិ

អាមេរិក និងអ៊ីស្រាអែល កំពុងពង្រឿនផែនការប្រឆាំងអ៊ីរ៉ង់ ក្រោយមានការវាយប្រហារដោយយន្ដហោះ ដ្រូនអ៊ីរ៉ង់ លើនាវានដឹកប្រេង នៅឈូងសមុទ្រអូម៉ង់

វ៉ាស៊ីនតោន៖ ប្រមុខកងទ័ពអ៊ីស្រាអែលបានអំពាវនាវឱ្យមានការពន្លឿន នៃផែនការប្រឆាំងនឹងអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Mark Milley ។

ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយឯកលោក Aviv Kochavi ទៅកាន់សហរដ្ឋអាមេរិកបានកើតឡើង ខណៈដែលកងទ័ពជើងទឹកអាមេរិក បានបញ្ជាក់ថា យន្តហោះដ្រូន ដែលប្រើដើម្បីវាយប្រហារលើនាវាដឹកប្រេង ដែលភ្ជាប់ជាមួយអ៊ីស្រាអែល នៅឈូងសមុទ្រអូម៉ង់កាលពីថ្ងៃទី១៥ ខែវិច្ឆិកា គឺជាម៉ូដែល Shahed-136 របស់អ៊ីរ៉ង់។

ដោយឡែក កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលជាសាខានៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើឃាតវិស្វករអវកាសជាន់ខ្ពស់នៅក្នុងការទម្លាក់គ្រាប់បែកនៅទីក្រុងដាម៉ាស។

ឧត្តមសេនីយ៍ឯក Kochavi ដែលអាណត្តិជាមេទ័ពរបស់លោកនឹងបញ្ចប់ក្នុងខែមករា បានលើកឡើងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា “យើងឈានដល់ចំណុចសំខាន់មួយក្នុងពេលវេលាដែលទាមទារឱ្យមានការពន្លឿនផែនការប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ និងភ្នាក់ងារភេរវករនៅក្នុងតំបន់” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបាននិយាយអំពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បើទោះបីជាមានទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងវា និងការស៊ើបអង្កេតអន្តរជាតិលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនក៏ដោយ។

លោកឧត្តមសេនីយ៍ Milley បានលើកឡើងថា ពួកគេបានពិភាក្សាអំពីការសម្របសម្រួលការការពារប្រឆាំងនឹងជួរវាយប្រហារដ៏ធំទូលាយនៃការគំរាមកំហែងរបស់អ៊ីរ៉ង់។

អ៊ីស្រាអែល តែងតែវាយប្រហារទីតាំងប្រូកស៊ីអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីជិតខាង ដោយនិយាយថា អ៊ីរ៉ង់កំពុងព្យាយាមប្រើសម្ព័ន្ធមិត្តក្នុងតំបន់ រួមទាំងក្រុមជីវពលលីបង់ Hezbollah និងអ៊ីរ៉ាក់ ដើម្បីបង្កើតឃ្លាំងអាវុធដ្រូន និងមីស៊ីលនៅក្នុងប្រទេសស៊ីរី៕ប្រែសម្រួល ឈូក បូរ៉ា

To Top