ថៃ៖ មន្ត្រីប៉ូលិសទទួលបន្ទុក បង្ក្រាបល្បែងស៊ីសង ដែលទាក់ទងនឹងការប្រកួត បាល់ទាត់ពិភពលោក World Cup បានប្រកាសកាលពីថ្ងៃអាទិត្យថា ជនសង្ស័យចំនួន ៦៥៣នាក់ ត្រូវបានចាប់ខ្លួននៅចុងសប្តាហ៍នេះតែមួយ។
ជនសង្ស័យបានដាក់ ប្រាក់ភ្នាល់សរុបចំនួន ១១១ ០០០ បាត។
យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ការចាប់ខ្លួននេះត្រូវបានប្រកាស ដោយលោកឧត្តមសេនីយ៍ឯក Phanurat Lakboon ដែលជាអ្នកត្រួតពិនិត្យ មជ្ឈមណ្ឌលទទួលបន្ទុកទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសង ក្នុងការប្រកួតបាល់ទាត់ពិភពលោក។
លោកបាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកភ្នាល់ ឬអ្នកកត់បាល់ចំនួន ៦ នាក់ និងអ្នកលេងល្បែងចំនួន ៦១៤នាក់ត្រូវបានចាប់ខ្លួន សម្រាប់ការលេងល្បែងក្រៅបណ្តាញ ខណៈដែល ៣៣នាក់ ត្រូវបានចាប់ខ្លួន ពីបទភ្នាល់តាមអ៊ីនធឺណិត។
មជ្ឈមណ្ឌលនេះកំពុងស្វែងរក អ្នកភ្នាល់លើការប្រកួតបាល់ទាត់ ពិភពលោកចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា មួយថ្ងៃមុនពេលការប្រកួត ចាប់ផ្តើមកាលពីថ្ងៃអាទិត្យមុន។ ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ជនសង្ស័យចំនួន ៣ ១៧៩នាក់ត្រូវបានចាប់ខ្លួន ពីបទដាក់ភ្នាល់ដែលមានតម្លៃសរុប ១,០៨ លានបាត។ អ្នកដែលត្រូវបានចាប់ខ្លួននោះ រួមមានអ្នកភ្នាល់ ឬអ្មកកាត់បាល់ចំនួន ៧០ នាក់ និងតំណាង ១៣ នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា