បរទេស៖ ក្រសួងការពារជាតិស៊ីរីបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ Damascus ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការ នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួច របស់អ៊ីស្រាអែលបានធ្វើឱ្យ ទាហានពីរនាក់ស្លាប់ និងខូចខាតសម្ភារៈបរិក្ខារនានា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិស៊ីរី បានសរសេរក្នុងសារបង្ហោះលើ Facebook ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើអាកាសយានដ្ឋាន និងតំបន់ជុំវិញនៅម៉ោងប្រហែល ២ ទៀបភ្លឺ ម៉ោងក្នុងតំបន់។
មីស៊ីលទាំងនោះបានមកពី ទិសដៅនៃសមុទ្រកាលីឡេ ហៅផងដែរថា បឹង Tiberias ស្ថិតនៅក្នុងទឹកដីអ៊ីស្រាអែល ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីរបស់ប្រទេសស៊ីរី។
ការវាយប្រហារនោះបានធ្វើឱ្យ បុគ្គលិកយោធាពីរនាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួស បណ្ដាលឱ្យខូចខាតសម្ភារៈ និងធ្វើឱ្យព្រលានយន្តហោះលែងដំណើរការ។
កងកម្លាំងការពារអ៊ីស្រាអែល មិនបានបញ្ជាក់ពីការវាយប្រហារនេះទេ ស្របតាមគោលនយោបាយ យូរអង្វែងរបស់ពួកគេ ដែលមិនពិភាក្សាអំពី ប្រតិបត្តិការនៅខាងក្រៅប្រទេស ៕
ប្រែសម្រួលៈ ណៃ តុលា