អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី ដ៏បំផ្លិចបំផ្លាញកាលពីថ្ងៃចន្ទដែលបាន វាយប្រហារទីក្រុងតួកគី និងប្រទេសស៊ីរី បានកើនលើសពី ១២០០០នាក់ ដោយសារឱកាសបានកាន់តែតិច ក្នុងការស្វែងរកអ្នករស់រាន មានជីវិតបន្ថែមទៀត នៅក្នុងអាកាសធាតុត្រជាក់មុនពេលមាស ៧២ ម៉ោងត្រូវបានបញ្ចប់។
យោងតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយ នៅទីស្នាក់ការកណ្តាលអភិបាលក្រុង Aleppo ចំនួនអ្នករងរបួសបានកើនឡើងដល់ ៣១៧៧៧នាក់ និង ១៤៤៩នាក់រៀងៗខ្លួននៅក្នុងទីក្រុងតួកគី និងស៊ីរី។
ចំនួនអ្នកស្លាប់នៅក្នុង ប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ ត្រូវបានរារាំងដោយអាកាសធាតុអាក្រក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ បានវាយប្រហារខេត្ត Kahramanmaras ភាគខាងត្បូងនៃប្រទេសតួកគី នៅម៉ោង ៤ និង ១៧ នាទីព្រឹក ម៉ោងក្នុងស្រុក នៅថ្ងៃច័ន្ទ បន្ទាប់មកដោយការរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រ ប៉ុន្មាននាទីក្រោយមកនៅខេត្ត Gaziantep ភាគខាងត្បូងរបស់ប្រទេស និងការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រនៅ Kahramanmaras ។
ខេត្ត Hatay ភាគខាងត្បូងរបស់តួកគី និងទីក្រុង Aleppo ភាគខាងជើងនៃប្រទេសស៊ីរី បានទទួលរងការបាត់បង់ជីវិតដ៏ធំបំផុត ខណៈដែលប្រទេសលីបង់ អ៊ីស្រាអែល និងប្រទេសស៊ីប ក៏មានអារម្មណ៍ពីសភាពញ័រផងដែរ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេលបីខែ កាលពីថ្ងៃអង្គារនៅក្នុងខេត្តចំនួន ១០ របស់ប្រទេសដែលរងគ្រោះដោយការរញ្ជួយដី។
លោកបាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដើម្បីធានាថាសកម្មភាពស្វែងរក និងជួយសង្គ្រោះ និងការសិក្សាជាបន្តបន្ទាប់អាច ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល ឈូក បូរ៉ា
