ព័ត៌មានអន្តរជាតិ

New Update៖ អ្នកនៅមានជីវិត៩នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក ខណៈចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅ តួកគី និងស៊ីរី កើនឡើងលើសពី៤ម៉ឺននាក់ 

អង់ការ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ្នកដែលនៅរស់រានមានជីវិតចំនួន៩នាក់ត្រូវបានជួយសង្គ្រោះដោយទាញចេញពីគំនរបាក់បែកនៅក្នុងទីក្រុងរបស់ប្រទេសតួកគី កាលពីថ្ងៃអង្គារ ដែលមានរយៈពេលជាង១សប្តាហ៍ បន្ទាប់ពីមានការរញ្ជួយដីដ៏ធំមួយបានវាយប្រហារ ខណៈដែលការយកចិត្តទុកដាក់នៃកិច្ចខិតខំប្រឹងប្រែងជំនួយបានផ្លាស់ប្តូរទៅជួយប្រជាជនដែលកំពុងតែជួបការលំបាកដោយគ្មានទីជម្រក ឬអាហារគ្រប់គ្រាន់នៅក្នុងអំឡុងពេលរដូវត្រជាក់ ។

គ្រោះមហន្តរាយនេះ ចំនួនអ្នកស្លាប់បូករួមនៅក្នុងប្រទេសតួកគី និងប្រទេសជិតខាងស៊ីរី មានលើសពី៤១.០០០នាក់ និងបានបំផ្លិចបំផ្លាញទីក្រុងនៅក្នុងប្រទេសទាំង២ ដោយធ្វើឱ្យអ្នកនៅរស់រានមានជីវិតជាច្រើនគ្មានផ្ទះសម្បែង និងរស់នៅក្នុងសីតុណ្ហភាពរដូវរងាខ្លាំង ។

លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានទទួលស្គាល់បញ្ហាក្នុងការឆ្លើយតបដំបូងចំពោះគ្រោះរញ្ជួយដីកម្រិត៧.៨ រ៉ិចទ័រដែលបានវាយប្រហារកាលពីព្រឹកព្រលឹមថ្ងៃទី៦កន្លងទៅនេះ ប៉ុន្តែបានថ្លែងថា ស្ថានភាពពេលនេះស្ថិតក្រោមការគ្រប់គ្រងបានហើយ ។

លោក Erdogan បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅទីក្រុងអង់ការ៉ាថា “យើងកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតមួយមិនត្រឹមតែនៅក្នុងប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិផងដែរ” ។

គួរបញ្ជាក់ថា អ្នកដែលត្រូវបានជួយសង្គ្រោះកាលពីថ្ងៃអង្គាររួមមានបងប្អូន២នាក់ដែលមានអាយុ១៧ឆ្នាំ និង២១ឆ្នាំដែលត្រូវបានទាញចេញពីប្លុកផ្ទះល្វែងក្នុងខេត្ត Kahramanmaras និងបុរសជនជាតិស៊ីរីម្នាក់ និងស្ត្រីវ័យក្មេងនៅ Antakya ត្រូវបានជួយសង្គ្រោះបន្ទាប់ពីជាង២០០ម៉ោងនៅក្នុងគំនរបាក់បែកនោះ ។ អ្នកជួយសង្គ្រោះម្នាក់បាននិយាយថា អាចនឹងមានមនុស្សនៅរស់បន្តទៀតដែលត្រូវរកឃើញ ។

ប៉ុន្តែអាជ្ញាធរអង្គការសហប្រជាជាតិបានឲ្យដឹងថា ដំណាក់កាលសង្គ្រោះកំពុងខិតជិតមកដល់ហើយ ដោយផ្តោតលើកន្លែងស្នាក់នៅ អាហារ និងសាលារៀន ៕

To Top