បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានប្រទេសចិនសាជាថ្មី អំពីផលប៉ះពាល់នានាប្រសិនបើ រដ្ឋាភិបាលក្រុងប៉េកាំងនឹង ធ្វើការគាំទ្រអាវុធទៅឲ្យ ប្រទេសរុស្សីក្នុងជម្លោះនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់ មន្ត្រីជាន់ខ្ពស់រូបនេះបានធ្វើឡើង នៅក្នុងអំឡុងពេលដែលគាត់ កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសកាហ្សាស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ និងក៏ជាផ្នែកមួយនៃដំណើរទស្សនកិច្ច របស់គាត់ទៅកាន់តំបន់អាស៊ីកណ្តាលផងដែរ ។
នៅក្នុងជំនួបគ្នាលើកនេះលោក Blinken ក៏បានពិភាក្សាគ្នាដោយផ្ទាល់ ជាមួយនឹងប្រជាជាតិជាច្រើន ដែលសុទ្ធតែធ្លាប់ជាប្រទេស ដែលស្ថិតនៅក្រោមការដឹកនាំ របស់សហភាពសូវៀតក្នុងនោះ មានដូចជាប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រទេសតាជីគីស្ថាន ប្រទេសតូមិននីស្ថាន និងប្រទេសអ៊ូសបេគីស្ថានផងដែរ។
លោក Blinken បានពោលព្រមានបែបនេះថា៖ ពួកយើងបានបញ្ជាក់ច្បាស់ហើយថា នូវការព្រមាននេះទៅកាន់ប្រទេសចិន អំពីផលលំបាក និងលទ្ធផលដែលមិនល្អប្រសើរនានា ចំពោះមុខការសម្រេចចិត្ត ណាមួយដែលរដ្ឋាភិបាលក្រុងប៉េកាំង នឹងធ្វើការឧបត្ថម្ភគាំទ្រអាវុធ ទៅឲ្យប្រទេសរុស្សីហើយអាមេរិក ក៏នឹងមិនមានភាពស្ទាក់ស្ទើរនោះដែរ ក្នុងការប្រឆាំងក្រុមហ៊ុនចិន និងជនជាតិចិនទាំងឡាយ ដែលមានការពាក់ព័ន្ធ ៕
ប្រែសម្រួល៖ ស៊ុន លី