ព័ត៌មានអន្តរជាតិ

Update៖ ចិន ប្រកាសតែងតាំង ឧត្តមសេនីយ Li Shangfu ជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ខណៈអាមេរិក បន្តជំរុញឲ្យដាក់ទណ្ឌកម្ម ជុំវិញការទិញអាវុធ ពីប្រទេសរុស្ស៊ី 

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ថា លោកឧត្តមសេនីយ Li Shangfu ដែលត្រូវបានតែងតាំងថ្ងៃអាទិត្យនេះ ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសចិន គឺជាអតីតយុទ្ធជននៃកិច្ចខិតខំប្រឹងប្រែងទំនើបកម្ម នៃកងទ័ពរំដោះប្រជាជន ហៅកាត់ថា (PLA) ដែលជាកត្តាជំរុញដែលនាំឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើរូបលោក ជុំវិញការទិញអាវុធពីប្រទេសរុស្ស៊ី ។

អ្នកការទូតប្រចាំតំបន់បានលើកឡើងថា ទោះបីជាមុខតំណែងថ្មីរបស់គាត់នៅក្នុងប្រព័ន្ធរបស់ប្រទេសចិន ត្រូវបានគេចាត់ទុកថា ភាគច្រើនជាការទូត និងជាពិធីការក៏ដោយ ប៉ុន្តែការតែងតាំងរបស់លោក Li កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយសារសាវតារបស់គាត់ ។

ការឡើងកាន់តំណែងរបស់គាត់ បានចាប់ផ្តើមនៅគ្រាដែលក្រុងវ៉ាស៊ីនតោនជំរុញឱ្យស្តារកិច្ចសន្ទនាយោធា និងការទំនាក់ទំនងនៅគ្រាដែលក្រុងប៉េកាំង បានប្រតិកម្មយ៉ាងខឹងសម្បារចំពោះដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីខែសីហាដោយប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ។

អ្នកជំនាញបានលើកឡើងថា ប្រវត្តិរបស់លោក Li ក្នុងនាមជាអ្នកបច្ចេកទេស គាត់គឺជាវិស្វករអវកាសម្នាក់ដែលបានធ្វើការ នៅក្នុងកម្មវិធីផ្កាយរណបរបស់ប្រទេសចិន នឹងជួយគាត់ឱ្យដើរតួយ៉ាងសំខាន់ក្នុងការបំពេញគោលដៅ បណ្តោះអាសន្ននៃគោលដៅរបស់ប្រធានាធិបតី ហ្ស៊ី ជិនពីង សម្រាប់ PLA ។

លោក James Char អ្នកប្រាជ្ញផ្នែកសន្តិសុខនៅឯសាលា S Rajaratnam School of International Studies របស់ប្រទេសសិង្ហបុរីបានលើកឡើងថា “សាវតាប្រតិបត្តិការ និងបច្ចេកវិទ្យារបស់រដ្ឋមន្ត្រីការពារជាតិចិន បន្ទាប់គឺពាក់ព័ន្ធជាពិសេសដោយសារតែ PLA មានបំណងក្លាយជាយោធាលំដាប់ពិភពលោកនៅឆ្នាំ២០៤៩” ៕

គួររំលឹកថា នៅក្នុងឆ្នាំ២០១៦ លោក Li ត្រូវបានគេតែងតាំងជាមេបញ្ជាការរងនៃកងកម្លាំង គាំទ្រយុទ្ធសាស្ត្រថ្មីរបស់ PLA ដែលជាស្ថាប័នវរជនដែលមានភារកិច្ច ក្នុងការពន្លឿនការអភិវឌ្ឍសមត្ថភាពអវកាស និងសង្គ្រាមអ៊ីនធើរណេតរបស់ចិន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top