តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បំពេញទស្សនកិច្ចដោយ ឥតព្រៀងទុកមុននៅអ៊ុយក្រែន នៅថ្ងៃអង្គារនេះមួយថ្ងៃបន្ទាប់ពី លោកបានជួបជាមួយសមភាគីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅទីនោះ ហើយវាពិតជាកម្រណាស់ដែលមេដឹកនាំជប៉ុនធ្វើដំណើរទៅប្រទេសក្រៅដោយ គ្មានការជូនដំណឹងបែបនេះ។
នៅក្នុងប្រទេសអ៊ុយក្រែន លោក គីស៊ីដា គ្រោងនឹងបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសជប៉ុនក្នុងការគាំទ្រប្រទេស ដែលហែកហួរដោយសង្រ្គាម មុនពេលកិច្ចប្រជុំកំពូលមួយក្រុម ដែលលោកនឹងធ្វើជាម្ចាស់ផ្ទះនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។
លោក គីស៊ីដា ធ្លាប់ជាមេដឹកនាំ G-7 តែមួយគត់ដែលមិនទាន់ បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី មកលើអ្នកជិតខាងរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រទេសជប៉ុន កាន់តំណែងជាប្រធាន G-7 នៅឆ្នាំនេះ។
លោកគ្រោងនឹងធ្វើជាអធិបតី ក្នុងកិច្ចប្រជុំកំពូលរយៈពេល បីថ្ងៃចាប់ពីថ្ងៃទី១៩ ខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលត្រូវបានបំផ្លិចបំផ្លាញដោយ គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក នៅក្នុងខែសីហាឆ្នាំ១៩៤៥។
លោក គីស៊ីដា ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យចូលរួមក្នុងក្រុម Diet មកពីទីក្រុងភាគខាងលិចប្រទេសជប៉ុន បានសន្យាថា នឹងបង្ហាញទស្សនៈវិស័យរបស់លោក អំពីពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ ចំពេលមានការភ័យខ្លាចថា រុស្ស៊ីអាចប្រើអាវុធមួយប្រឆាំងនឹងអ៊ុយក្រែន ក្នុងសង្រ្គាមដែលកំពុងបន្ត៕