ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អនុញ្ញាតឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បើកការិយាល័យក្នុងទីក្រុងគៀវ ក្រោយតុលាការនេះ ចេញដីការចាប់ខ្លួនលោក ពូទីន

បរទេស៖ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអនុញ្ញាតឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បើកការិយាល័យតំណាងរបស់ខ្លួននៅទីក្រុងគៀវ ដែលការអនុញ្ញាតនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គរដ្ឋអាជ្ញា Andrey Kostin បានហៅ ការអនុញ្ញាតនេះថាជា “ការចាប់ផ្តើមដ៏សំខាន់” នៅក្នុងទំនាក់ទំនងរបស់ប្រទេសជាមួយ ICC ទោះបីជាអ៊ុយក្រែននៅតែមិនបានចុះហត្ថលេខាលើលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីទទួលយកយុត្តាធិការរបស់ខ្លួនក៏ដោយ។

លោក Kostin បាននិយាយបន្ទាប់ពីជួបជាមួយលេខាធិការ ICC លោក Peter Lewis ថា “ខ្ញុំជឿជាក់ថា យើងនឹងមិនបញ្ឈប់ឡើយ រហូតទាល់តែអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិទាំងអស់ដែលបានប្រព្រឹត្តប្រឆាំងនឹងអ៊ុយក្រែន ត្រូវបានកាត់ទោស” រួមទាំងយោធារុស្ស៊ី និងថ្នាក់ដឹកនាំនយោបាយ។

លោក Kostin ក៏បានសរសើរប្រធានរដ្ឋអាជ្ញា ICC លោក Karim Khan ដែលជាមេធាវីអង់គ្លេសសម្រាប់ “ឈរការពារយុត្តិធម៌ដោយមិនចេះនឿយហត់” ហើយបាននិយាយថា អ៊ុយក្រែន និងតុលាការ កំពុង “កសាងពិភពលោកដ៏យុត្តិធម៌មួយ” ជាមួយគ្នា។

លោក Khan ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចោទប្រកាន់ប្រឆាំងនឹងលោក ពូទីន ប្រធានាធីបតីរុស្ស៊ី និងស្នងការសិទ្ធិកុមារ លោកស្រី Maria Lvova-Belova ពី “ការផ្ទេរប្រជាជនដោយបង្ខំ” ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការជម្លៀសកុមារចេញពីតំបន់ប្រយុទ្ធ៕ប្រែសម្រួលៈ ណៃ តុលា

To Top