ព័ត៌មានអន្តរជាតិ

AP៖ ប្រធានាធិបតីអ៊ុយក្រែន អញ្ជើញប្រធានាធិបតីចិន មកទស្សនកិច្ច នៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី តាមសេចក្តីរាយការណ៍ បានបង្ហាញការសោកស្តាយដែលថា លោកមិនមានកិច្ចពិភាក្សាដោយផ្ទាល់ ជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ចាប់តាំងពីការវាយលុកយោធារបស់រុស្ស៊ី ប្រឆាំងនឹងទីក្រុងគៀវ បានចាប់ផ្តើមកាលពីឆ្នាំមុន ហើយលោកចង់កែតម្រូវស្ថានភាព។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ហ្សេលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Associated Press ដែលត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃពុធថា “យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបគាត់ (លោក ស៊ី ជិនពីង) នៅទីនេះ” ។ “ខ្ញុំចង់និយាយជាមួយគាត់។ ខ្ញុំមានទំនាក់ទំនងជាមួយគាត់ មុនពេលមានសង្គ្រាមពេញលេញ ប៉ុន្តែក្នុងអំឡុងពេលពេញមួយឆ្នាំនេះ ជាងមួយឆ្នាំមកហើយ ខ្ញុំមិនមានទេ»។

ក្រុងប៉េកាំង កាលពីខែមុនបានបង្ហាញផែនទីបង្ហាញផ្លូវ ១២ ចំណុចរបស់ខ្លួន សម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយអំពាវនាវឱ្យមានបទឈប់បាញ់ និងធ្វើការឆ្ពោះទៅរក “ស្ថាបត្យកម្មសន្តិសុខអឺរ៉ុប ប្រកបដោយនិរន្តរភាព” ជាជាងការដាក់ទណ្ឌកម្ម និងអនុវត្ត “សម្ពាធអតិបរមា” ដើម្បីបង្ខំឱ្យមានដំណោះស្រាយ។ ប្រទេសចិនបានព្យាយាមដើរតួនាទី “ស្ថាបនា” នៅក្នុងវិបត្តិ ដោយទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីថ្កោលទោសរុស្ស៊ី និងចូលរួមក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងរុស្ស៊ីរបស់បស្ចិមលោក។ មន្ត្រីអាមេរិកបានច្រានចោលសំណើរបស់ចិនថា ជាសំណើដែលនឹងជួយតែក្រុងម៉ូស្គូប៉ុណ្ណោះ។

លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានទទួលអ្នកនយោបាយលោកខាងលិច នៅទីក្រុងគៀវ រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេសបីនាក់ផងដែរ។ លោកបាននិយាយកាលពីខែមុនថា លោកបើកចំហចំពោះផែនការសន្តិភាពរបស់ប្រទេសចិន ប៉ុន្តែនឹងទទួលយកតែកិច្ចព្រមព្រៀង ដែលនាំឱ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួនទាំងអស់ ចេញពីទឹកដីអ៊ុយក្រែន តែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា លោកស្រីមិនមានព័ត៌មានថា តើរបបរបស់លោក ហ្សេលេនស្គី ពិតជាបានអញ្ជើញលោក ស៊ី ទៅទីក្រុងគៀវ នោះដែរឬទេ។ លោកស្រីក៏មិនអាចនិយាយបានដែរថាតើប្រធានាធិបតីចិននឹងទទួលយក សំណើបែបនេះឬយ៉ាងណាឡើយ។

សូមជម្រាបថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដោយលោក ស៊ី កាលពីដើមខែនេះ នៅទីក្រុងមូស្គូ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កាលពីសប្តាហ៍មុន បានហៅកិច្ចប្រជុំកំពូលនេះថា “បង្កជាបញ្ហាខ្លាំង” ។ មន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោន បានផ្តល់យោបល់ថា ចិនកំពុងពិចារណា បញ្ជូនអាវុធទៅឱ្យរុស្ស៊ី ដោយនិយាយថា ទង្វើបែបនេះនឹងមាន “ផលវិបាក” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top