ព័ត៌មានអន្តរជាតិ

អាមេរិក បន្តដាក់នាវាផ្ទុកយន្តហោះ នៅសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីការវាយប្រហារ លើមូលដ្ឋានទ័ពខ្លួន នៅក្នុងប្រទេសស៊ីរី

បរទេស៖ មន្ទីរបញ្ចកោណបានជ្រើសរើស ដោយការពន្យារពេលការដាក់ពង្រាយ ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះ នៅសមុទ្រមេឌីទែរ៉ាណេ ដើម្បីផ្តល់ “ជម្រើស” បន្ថែមទៀត ដល់មន្ត្រីបន្ទាប់ពីការវាយប្រហារថ្មីៗនេះលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់បុគ្គលិក ក្រុមហ៊ុនឯកជនអាមេរិកម្នាក់ និងធ្វើឱ្យទាហានជាច្រើននាក់ រងរបួសផ្នែកខួរក្បាល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ដែលគ្រប់គ្រងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា បានប្រកាសបេសកកម្មបន្ថែម កាលពីថ្ងៃសុក្រដោយនិយាយថា ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ George HW Bush នឹងមិនវិលត្រឡប់មក សហរដ្ឋអាមេរិកវិញតាមកាលវិភាគនោះទេ។

អ្នកនាំពាក្យ CENTCOM លោកវីរសេនីយ៍ Joe Buccino បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្នែកបន្ថែមនៃនាវាដឹកយន្តហោះ George HW Bush Carrier Strike Group រួមមាន USS Leyte Gulf, USS Delbert D. Black និង USNS Arctic អនុញ្ញាតឱ្យមានជម្រើសក្នុងការពង្រឹងសមត្ថភាពរបស់ CENTCOM ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាច្រើននៅមជ្ឈឹម បូព៌ា” ។

លោកបានបន្ថែមថា ក្រុមយន្តហោះវាយប្រហារ A-10 ក៏នឹងត្រូវបញ្ជូន ទៅកាន់មជ្ឈិមបូព៌ាសម្រាប់ “ការដាក់ពង្រាយយ៉ាងឆាប់រហ័ស” ប៉ុន្តែមិនបានបញ្ជាក់ អំពីប្រទេសជាក់លាក់ណាមួយនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top