ព័ត៌មានអន្តរជាតិ

ករណីរត់ជាន់គ្នា នៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្ស តិចបំផុត១១នាក់ 

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រយ៉ាងហោចណាស់ មនុស្សចំនួន១១នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងពេលមានករណីរត់ជាន់គ្នាក្នុងអំឡុងពេលចែកចាយអាហារ នៅទីក្រុងកំពង់ផែ Karachi នៃខេត្ត Sindh ប្រទេសប៉ាគីស្ថាន ។

គេបានដឹងថា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅកន្លែងដែលមានការកកស្ទះនៅខាងក្រៅរោងចក្រឯកជនមួយដើម្បីប្រមូលអាហារសប្បុរសធម៌ក្នុងពិធីបុណ្យរ៉ាម៉ាដាននៅក្នុងតំបន់ SITE នៃទីក្រុង Karachi នៅគ្រាដែលមានករណីរត់ជាន់គ្នាបានកើតឡើង ។ អគ្គនាយកគេហទំព័រប៉ូលិស Muhammad Mughees Hashmi បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ យ៉ាងដូច្នេះ ។

លោកបញ្ជាក់ថា ថៅកែរោងចក្រកំពុងចែកចាយអាហារដោយមិនគិតថ្លៃដោយគ្មានការអនុញ្ញាតជាមុនពីរដ្ឋបាលមូលដ្ឋាន និងមានការរៀបចំត្រឹមត្រូវ ដោយបានលើកឡើងទៀតថា យ៉ាងហោចណាស់មនុស្សចំនួន៦នាក់រួមទាំងប្រធានរោងចក្រត្រូវបានចាប់ខ្លួន ។

ក្រោយពីមានករណីនេះកើតឡើង ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមនៅក្នុងឧបទ្ទវហេតុនេះ ។ យោងតាមប្រភពពីមន្ទីរពេទ្យបានឱ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលអ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top