ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ភាគីអង់គ្លេស ចាំបាច់ត្រូវគោរព សេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ ដោយសងប្រជុំកោះMalvinas ឱ្យអាហ្សង់ទីនវិញ ក្នុងពេលឆាប់ៗ !

ថ្ងៃទី០២ខែមេសាតាមម៉ោងក្នុងតំបន់ គឺជាខួបអនុស្សាវរីយទី៤១ នៃការផ្ទុះសង្រ្គាម ប្រជុំកោះMalvinas ។ គ្រប់តំបន់នៅទូទាំង ប្រទេសអាហ្សង់ទីន បានរំលឹកដល់អ្នកដែលបានពលីជីវិត ក្នុងសង្រ្គាមប្រជុំកោះMalvinas តាមវិធីច្រើនបែបយ៉ាង ដូចជាដាក់គម្រងផ្កា តាំងពិព័រណ៍ ដង្ហែក្បួន យាមនៅពេលអធ្រាត្រ និងរៀបចំការប្រគុំតន្ត្រីជាដើម ។

សង្រ្គាមប្រជុំកោះMalvinas ដែលបានអូសបន្លាយអស់រយៈពេល៧៤ថ្ងៃ គឺជាសង្រ្គាមដ៏ធំបំផុត នៅអាមេរិកខាងត្បូង បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ នៅពេលនោះ ប្រទេសអាហ្សង់ទីន បានធ្វើសង្រ្គាមជាមួយអង់គ្លេស ដោយសារបញ្ហាអធិបតេយ្យភាព លើប្រជុំកោះMalvinas ហើយនៅទីចុងបំផុត អង់គ្លេសទទួលបានជ័យជំនះ ។ ប៉ុន្តែ អាហ្សង់ទីន មិនដែលបោះបង់ចោលការទាមទារ របស់ខ្លួន ចំពោះអធិបតេយ្យភាព លើប្រជុំកោះMalvinas ទេ។ នៅថ្ងៃគម្រប់ខួបនេះ លោកFernandez ប្រធានាធិបតីអាហ្សង់ទីន បានចែករំលែកវីដេអូខ្នាតខ្លីមួយ ហើយ បានបង្ហោះសារ ដើម្បីគូសបញ្ជាក់ថា ប្រជុំកោះMalvinas គឺជាផ្នែកមួយរបស់ប្រទេស អាហ្សង់ទីន” សូមឱ្យយើងស្តារអធិបតេយ្យភាព របស់ប្រជុំកោះ Malvinas ឡើងវិញដោយសន្តិវិធី” ។ អាហ្សង់ទីន បានសម្តែងជាថ្មីម្តងទៀត នូវការទាមទារស្របច្បាប់របស់ខ្លួន សម្រាប់ ដំណោះស្រាយ បញ្ហាប្រជុំកោះMalvinas ដោយអនុលោម តាមសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ។ ចំពោះការនេះ អ្នកនយោបាយអង់គ្លេស មិនអាចបន្តធ្វើគធ្វើថ្លង់បានទេ ។

ទាក់ទិននឹងបញ្ហាប្រជុំកោះ Malvinas ប្រវត្តិសាស្ត្រគឺច្បាស់ណាស់: នៅឆ្នាំ១៨១៦ នៅពេលដែលអាហ្សង់ទីន ទទួលបានឯករាជ្យពីអេស្ប៉ាញ បានប្រកាសថា ខ្លួន នឹងទទួលមរតកអធិបតេយ្យភាព របស់អេស្ប៉ាញ លើកោះនៅឆ្នេរសមុទ្រអាហ្សង់ទីន ក្នុងនោះបូករួមទាំងប្រជុំកោះMalvinas ។ ប៉ុន្តែ នៅឆ្នាំ១៨៣៣ អង់គ្លេសបានចាត់បញ្ជូននាវាចម្បាំងទៅកាន់កាប់ប្រជុំកោះMalvinas ដោយកម្លាំងអាវុធ ហើយបានអនុវត្តការត្រួតត្រា អាណានិគម។ វាអាចមើលឃើញថា ជាធាតុពិត បញ្ហាប្រជុំកោះMalvinas គឺជាបញ្ហាដែលបន្សល់ទុក ពីប្រវត្តិសាស្ត្រ នៃអាណានិគមនិយម ។

តើហេតុអ្វីបានជាជនជាតិ អង់គ្លេសមិនព្រមចាកចេញ ពីប្រជុំកោះMalvinas ? នេះមានមូលហេតុជាច្រើន ។ ជាបឋម ទោះបីជាប្រជុំកោះMalvinas ស្ថិតនៅឆ្ងាយពីអង់គ្លេសក៏ដោយ ក៏ប៉ុន្តែវាបានការពារកន្លែងសំខាន់ៗ នៃនាវាចរណ៍មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង និងមហាសមុទ្រអាត្លង់ទិកខាងត្បូង ដោយត្រូវបានគេដាក់ឈ្មោះថាជា “ច្រកផ្លូវនៃមហាសមុទ្រអាត្លង់ទិកខាងត្បូង” ដែលមានទីតាំងយុទ្ធសាស្ត្រ សំខាន់ណាស់ ។ ក្រៅពីនេះទៀត ជនជាតិអង់គ្លេសក៏មិនចង់បោះបង់ចោល ធនធានដ៏មានតម្លៃ នៅលើប្រជុំកោះMalvinasទៀតផង ។

ការកាន់កាប់ ការដណ្ដើមយក និងការប្រើប្រាស់ ។ល។ ទង្វើគ្រប់បែបយ៉ាងរបស់អង់គ្លេសនៅលើប្រជុំកោះMalvinas បានដើរបញ្ច្រាសនឹងនិន្នាការ នៃការបំបាត់ចោល អាណានិគម ។ ប្រទេសភាគច្រើនដាច់ខាត ដែលបូករួមទាំងប្រទេសចិន សុទ្ធតែគាំទ្រសេចក្តីសម្រេចចិត្ត របស់អង្គការ សហប្រជាជាតិ ស្តីពីបញ្ហាប្រជុំកោះMalvinas ។ អង្គការក្នុងតំបន់ដូចជាអង្គការរដ្ឋអាមេរិក និងសហគមន៍អាមេរិកឡាទីន បានអនុម័តសេចក្តី សម្រេចចិត្តជាច្រើនដង ដើម្បីការពារសិទ្ធិ ស្របច្បាប់ របស់ប្រទេស អាហ្សង់ទីន ចំពោះប្រជុំកោះ Malvinas ក៏ដូចជាអំពាវនាវឱ្យភាគី អង់គ្លេសដោះស្រាយ វិវាទតាមរយៈការចរចា ដោយសន្តិវិធី ។

សម័យអាណានិគម បានកន្លងផុត ទៅជាយូរមកហើយ ។ អតីតពួកអាណានិគម មិនអាចបន្តធ្វើគ ធ្វើថ្លង់ ប៉ុនប៉ងចង់ទទួលផល ប្រយោជន៍ពីអាណានិគម និយមដោយគ្មានទីបញ្ចប់នោះឡើយ ។ ភាគីអង់គ្លេស ចាំបាច់ត្រូវគោរព សេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ ឆ្លើយតបជាវិជ្ជមាន ចំពោះការទាមទារស្របច្បាប់ របស់ប្រជាជនអាហ្សង់ទីន ហើយសងប្រជុំកោះMalvinas ឱ្យអាហ្សង់ទីនវិញក្នុងពេលឆាប់ៗ!

To Top