ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិនបានថ្លែងសុន្ទរកថា នៅកាលពីថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងការធ្វើដំណើរ “ឆ្លងកាត់” របស់មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen ឆ្លងកាត់សហរដ្ឋអាមេរិក ហើយខាងក្រោមនេះជាខ្លឹមសារ ទាំងស្រុងនៃសុន្ទរកថា៖
សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “យើងប្រឆាំងដាច់ខាតរាល់ទម្រង់ នៃអន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ និងរាល់ដំណើរទស្សនកិច្ច របស់មេដឹកនាំ អាជ្ញាធរតៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ ។ យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទំនាក់ទំនង របស់ភាគីអាមេរិក ជាមួយអាជ្ញាធរនៃគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យក្នុងទម្រង់ណាមួយ ដែលបំពានលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិទាំងបី របស់ចិន-អាមេរិក”។
សេចក្ដីថ្លែងការណ៍ បានឲ្យដឹងទៀតថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត នយោបាយដ៏ឧឡារិករបស់ខ្លួន ដែលបានធ្វើឡើង ចំពោះប្រទេសចិនលើសំណួរតៃវ៉ាន់ ។ ភាគីអាមេរិកត្រូវបញ្ឈប់ការ ជ្រៀតជ្រែកយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយបញ្ឈប់ទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់។ វាក៏គួរតែបញ្ឈប់ការ ធ្វើឱ្យប្រសើរឡើង នូវការផ្លាស់ប្តូរសំខាន់ៗជាមួយតៃវ៉ាន់ ហើយបញ្ឈប់ការបិទបាំង និងលាក់បាំងនូវគោល ការណ៍ចិនតែមួយ។
កងទ័ពរំដោះប្រជាជនចិន (PLA) នឹងឈរលើការទទួលខុសត្រូវ និងបេសកកម្មរបស់ខ្លួន ហើយតែងតែរក្សាការប្រុងប្រយ័ត្នខ្ពស់។ PLA នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ព្រមទាំងសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕
ប្រែសម្រួល ឈូក បូរ៉ា