សេអ៊ូល៖ មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង បានរិះគន់គោលនយោបាយការបរទេស របស់ប្រធានាធិបតីលោក Yoon Suk-yeol ចំពោះសហរដ្ឋអាមេរិកថា ជាការអាម៉ាស់កាលពីថ្ងៃសុក្រ នៅពេលនិយាយអំពីកិច្ចប្រជុំ កាលពីថ្ងៃពុធរវាងលោក Yoon និងសមភាគីសហរដ្ឋអាមេរិកលោក ចូ បៃដិន ។
លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងសំខាន់ ក្នុងកិច្ចប្រជុំគណបក្សបានឲ្យដឹងថា “ទាក់ទងទៅនឹងច្បាប់កាត់បន្ថយអតិផរណា និងច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្រ្ត ដែលជារបៀបវារៈស្នូល (នៅក្នុងកិច្ចប្រជុំកំពូលរវាងលោក Yoon និងលោក បៃដិន) លោក Yoon មិនបានការពារឧស្សាហកម្ម និងក្រុមហ៊ុនរបស់យើងទាល់តែសោះ” ។
លោក Lee បានលើកឡើងថា ការសម្តែងរបស់លោក Yoon នៅឯកិច្ចប្រជុំបានបញ្ចប់ក្នុងស្ថានភាពអាម៉ាស់មួយ នៃការផ្សព្វផ្សាយការទូត “hogang ជាសកល” Hogang ជាពាក្យ buzzword ជាភាសាកូរ៉េ សំដៅលើអតិថិជន ដែលងាយនឹងបោកប្រាស់។
លោក Lee ក៏បានរិះគន់លោក Yoon ចំពោះមុខតំណែងមិនត្រឹមត្រូវ របស់លោក ចំពោះវិបត្តិអ៊ុយក្រែន និងសំណួរតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការយុវជនជាតិ និងគណៈកម្មាធិការនិស្សិតសាកលវិទ្យាល័យជាតិ នៃគណបក្សបានប្រមូលផ្តុំគ្នា នៅមុខវិមានរដ្ឋសភាកូរ៉េខាងត្បូង ដើម្បីថ្កោលទោសគោលនយោបាយការទូត របស់រដ្ឋាភិបាល ចំពោះការបង្កើនភាពតានតឹង នៅឧបទ្វីបកូរ៉េ ហើយលោក Lee ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។
សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សារវាងលោកYoon និងលោក បៃដិន បានបង្កឱ្យមានការព្រួយបារម្ភ និងការរិះគន់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមតិសាធារណៈបាននិយាយថា រដ្ឋាភិបាលលលក Yoon កំពុងដឹកនាំប្រទេសទៅកាន់ “ចំណុចកណ្តាល នៃសង្រ្គាមត្រជាក់ថ្មីមួយ”៕ ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
