ព័ត៌មានអន្តរជាតិ

តួកគី សម្លាប់អ្នកផលិតយន្តហោះដ្រូន របស់ក្រុម PKK ក្នុងប្រតិបត្តិការឆ្លងព្រំដែន នៅភាគខាងជើងអ៊ីរ៉ាក់

អង់ការ៉ា៖ អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី (MIT) បានសម្លាប់សមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលត្រូវបានចោទប្រកាន់ថាជាអ្នករចនា និងផលិតយន្តហោះដ្រូន សម្រាប់ក្រុមនេះ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ដោយដកស្រង់ប្រភពសន្តិសុខអនាមិកដែលឲ្យដឹងថា ចារកម្មតួកគីលោក Tekin Okan ដែលត្រូវបានគេស្គាល់ដោយឈ្មោះកូដ “Deniz Bahri” នៅក្នុងតំបន់ហ្គារ៉ា ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជារឿយៗអាជ្ញាធរតួកគីប្រើពាក្យ “អព្យាក្រឹត” ដើម្បីបញ្ជាក់ថា “ភេរវករ” ត្រូវបានសម្លាប់ របួស ឬចាប់ខ្លួននៅក្នុងប្រតិបត្តិការសន្តិសុខ។

លោក Tekin ត្រូវបានគេរាយការណ៍ថា បានធ្វើការវាយប្រហារដោយយន្តហោះដ្រូននៅក្នុងខេត្ត Sirnak របស់តួកគីក្នុងឆ្នាំ២០១៨ និងពីរផ្សេងទៀតនៅលើអាកាសយានដ្ឋាន Diyarbakir និង Batman ក្នុងឆ្នាំ២០២១។ លោកបានរចនា និងផលិតយន្តហោះដ្រូន ដែលប្រើក្នុងការវាយប្រហាររបស់ក្រុម PKK លើកងកម្លាំងសន្តិសុខតួកគី ហើយកំពុងធ្វើដំណើររវាងស៊ីរី និងអ៊ីរ៉ាក់។

អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី បានបង្កើនប្រតិបត្តិការឆ្លងព្រំដែនរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់នាពេលថ្មីៗនេះ ជាពិសេសនៅទីក្រុងហ្គារ៉ា ហើយបានសម្លាប់សមាជិកជាន់ខ្ពស់ PKK យ៉ាងហោចណាស់បីនាក់ផ្សេងទៀតនៅក្នុងតំបន់កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ក្រុម PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវករដោយតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគី អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top