ព័ត៌មានអន្តរជាតិ

The Times៖ ចក្រភព​អង់គ្លេស​ នឹង​ជំរុញ​ការ​កាត់បន្ថយ​កងទ័ព

បរទេស៖ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Ben Wallace នឹងបន្តទៅមុខជាមួយនឹងផែនការ កាត់បន្ថយទំហំកងទ័ពអង់គ្លេស ទោះបីជាមានជម្លោះអ៊ុយក្រែន និងបង្កើនការចំណាយយោធាក៏ដោយ, នេះបើតាមកាសែត The Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពនានា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ ២០២១ ក្រសួងការពារជាតិ បានប្រកាសផែនការកាត់បន្ថយ ចំនួនទាហានពី ៨២ ០០០ នាក់ មកត្រឹមតែជាង ៧០ ០០០ នាក់ ខណៈពេលដែលកាត់បន្ថយចំនួនរថក្រោះ ពី ២២៧ គ្រឿង មកត្រឹម ១៤៨គ្រឿង។ ប៉ុន្តែដោយសារតែជម្លោះ ដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងគៀវ គំនិតនៃការកាត់បន្ថយបានធ្វើឱ្យ សមាជិកសភា និងមេបញ្ជាការយោធា របស់ចក្រភពអង់គ្លេសជាច្រើនមានការមិនសប្បាយចិត្តជាមួយនឹងលោក Patrick Sanders ដែលជាប្រមុខនៃកងទ័ព ដោយហៅវាថា ការ “ច្របូកច្របល់” នៅក្នុងបរិបទនៃជម្លោះដ៏ធំនៅអឺរ៉ុប។

ទោះបីជាមានការព្រួយបារម្ភ ទាំងនេះក៏ដោយ ហើយជាមួយនឹងសម្ព័ន្ធមិត្តណាតូ របស់ចក្រភពអង់គ្លេសកំពុងព្យាយាមបង្កើនកម្លាំងយោធារបស់ពួកគេ បណ្តារដ្ឋមន្ត្រីអង់គ្លេសត្រូវបានគេនិយាយ ដោយជឿថា ទីក្រុងឡុងដ៍ “មិនស្ថិតនៅក្រោមសម្ពាធដ៏ធំ ក្នុងការផ្លាស់ប្តូរផ្លូវនោះទេ” ។ បញ្ហា​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​ដោះ​ស្រាយ ​នៅ​ក្នុង​ឯកសារ​បញ្ជា​ការ​ការពារ​ជាតិ​ ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា។

យោងតាមកាសែត Times បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេស នៅតែមានគម្រោងកាត់បន្ថយ ចំនួនបុគ្គលិកថ្មើរជើង ដើម្បីគាំទ្រកាំភ្លើងធំ៕ ប្រែសម្រួលៈ ណៃ តុលា 

To Top