ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិរុស្សី៖ ការប៉ុនប៉ង់វាយលុក របស់អ៊ុយក្រែន មិនទទួលបានជោគជ័យទេ

បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការពារជាតិ នៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថា កងកម្លាំងយោធា របស់ប្រទេសអ៊ុយក្រែន ដែលបានរៀបចំផែនការ វាយប្រហារទ្រង់ទ្រាយធំ ទៅលើតំបន់ភាគខាងត្បូងនៃរដ្ឋ Donetsk នោះគឺបានត្រឹមតែលទ្ធផលបរាជ័យប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានយកមកចេញផ្សាយ ដោយកាសែតរុស្សី RT ក្រសួងការពារជាតិ បាននិយាយថាយោធាអ៊ុយក្រែន បានរៀបចំផែនការ វាយប្រហារមកលើកងកម្លាំងរុស្សីតាមរយៈកងវរសេនាតូចចំនួន៦ និងកងវរសេនាតូចរថក្រោះចំនួន២។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រសួងការពារជាតិរុស្សី បានបន្ថែមថាជាលទ្ធផល នៃការខិតខំប្រឹងប្រែងនេះរុស្សី បានប្រើប្រាស់សកម្មទប់ទល់ ទាំងផ្លូវអាកាសនិងកាំភ្លើងធំផង ក្បែរតំបន់ Neskuchnoye និង Novodarovka ដែលស្ថិតនៅចំងាយប្រមាណជា ១០០គីឡូម៉ែត្រភាគខាងលិច Donetsk ដូច្នេះអ៊ុយក្រែនបានត្រឹមតែបាត់បង់។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះអ៊ុយក្រែន បានបាត់បង់ជីវិតយោធារបស់ខ្លួន ប្រមាណជា៣០០នាក់រថក្រោះចំនួន១៦គ្រឿង រថយន្តយោធាចំនួន២៦គ្រឿង និងរថយន្តធម្មតាផ្សេងទៀត១៤គ្រឿង៕​​ ប្រែសម្រួល៖ស៊ុនលី

To Top