ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ មនុស្សចំនួន១៦នាក់ បាត់បង់ជីវិត នៅក្នុងហេតុការណ៍ ធ្លាយឧស្ម័ននីត្រាត នៅភាគខាងជើង ប្រទេសអាហ្វ្រិកខាងត្បូង

ប្រភព ៖AFP

ចូហាណេស្បើក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ មានមនុស្សចំនួន១៦នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់កាលពីល្ងាចថ្ងៃពុធ ក្រោយពីមាន ករណីធ្លាយឧស្ម័ន ដោយពួកគេបានស្រូប ចូលនូវឧស្ម័ននីត្រាត ដែលត្រូវបានគេសង្ស័យ នៅឯកន្លែងតាំងទីលំនៅក្រៅផ្លូវការមួយ នៅក្នុងទីក្រុង Boksburg ភាគខាងកើតនៃទីក្រុង ចូហាណេស្បើក (Johannesburg ) ។
ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកបានដកស្រង់សម្តីអាជ្ញាធរសង្គ្រោះបន្ទាន់បានលើកឡើងថា ការស៊ើបអង្កេតដំបូងបង្ហាញថា វាអាចជាប់ពាក់ព័ន្ធ នឹងការជីកយករ៉ែមាស ដោយខុសច្បាប់នៅក្នុងតំបន់នោះ ។

គេបានដឹងថា ជារឿយៗ ឧស្ម័ននីត្រាតអុកស៊ីត ត្រូវបានប្រើប្រាស់ដោយអ្នករុករករ៉ែមាស ដោយខុសច្បាប់ ដើម្បីទាញយកមាសពីដី ដែលលួចចេញពីអណ្តូងរ៉ែដែលគេបោះបង់ចោល ។

បំពង់រាងស៊ីឡាំង ដែលមានផ្ទុក ទៅដោយឧស្ម័នមួយ ត្រូវបានគេរកឃើញមានលេចធ្លាយ នៅក្នុងទីក្រុង Angelo shanty ដែលមានប្រជាជនរស់នៅ យ៉ាងច្រើននៅក្រុង Boksburg ។

មន្ត្រីសង្គ្រោះបន្ទាន់ម្នាក់ បានឲ្យដឹងថា “ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅកន្លែងកើតហេតុ នៅគ្រាដែលយើងបានស្វែង រកសាកសពបន្ថែមទៀត” ៕

To Top