ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង Khanun នឹងបោកបក់​លើកោះ សំខាន់ភាគនិរតី របស់​ជប៉ុន ក្នុងសប្តាហ៍នេះ​

ប្រភព៖AFP

តូក្យូ៖ ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថា នឹងខិតជិតកោះ ក្យូស៊ុ ភាគនិរតីរបស់ប្រទេសជប៉ុន នៅចុងសប្តាហ៍នេះ ដែលអាចនឹងនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់ផ្នែកខ្លះនៃតំបន់នេះ ខណៈដែលការព្រមានអំពីការរអិលបាក់ដី ទឹកជំនន់ និងខ្យល់បក់ខ្លាំង។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា បន្ទាប់ពីរំកិលបន្តិចម្តងៗជុំវិញខេត្តភាគខាងត្បូងនៃកោះអូគីណាវ៉ា ព្យុះទីហ្វុងកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើត ដោយកោះ Amami-Oshima ក្នុងខេត្ដកាហ្គោស៊ីម៉ា ចូលក្នុងតំបន់ព្យុះរបស់ខ្លួន។

ខ្សែភ្លៀងលីនេអ៊ែរដែលគេស្គាល់ថា នាំមកនូវភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងអភិវឌ្ឍនៅក្នុងតំបន់អាម៉ាមិ និងភាគខាងត្បូងក្យូស៊ុ រហូតដល់ព្រឹកថ្ងៃអង្គារនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រោយមក ព្យុះទីហ្វុង នឹងផ្លាស់ប្តូរទិសដៅទៅភាគខាងជើង ហើយត្រូវបានគេរំពឹងថា នឹងខិតជិតកោះសំខាន់នៅក្យូស៊ុ នៅថ្ងៃពុធស្អែកនេះ។ យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា ព្យុះទីហ្វុងនេះក៏ទំនងជាបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងតាមកាលកំណត់នៅភាគខាងកើត និងខាងលិចប្រទេសជប៉ុន។

គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃចន្ទម្សិលមិញនេះ ព្យុះទីហ្វុងកំពុងផ្លាស់ទីក្នុងទិសដៅ ភាគខាងជើងឆៀងខាងកើត នៃកោះអាម៉ាមិ-អូស៊ីម៉ា ជាមួយនឹងសម្ពាធបរិយាកាស ៩៧០ ហិកតានៅចំណុច កណ្តាលរបស់វា ដោយមានខ្យល់បក់ រហូតដល់ ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោង។

ទីភ្នាក់ងារនេះបានឲ្យដឹង ទៀតថា ភ្លៀងធ្លាក់រហូតដល់ ៣០០ មីលីម៉ែត្រ ត្រូវបានគេរំពឹង ទុកក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ម៉ោង ៦ព្រឹកថ្ងៃអង្គារនេះ នៅក្នុងតំបន់អាម៉ាមិ និងភាគខាងត្បូងក្យូស៊ុ និង ២៥០មីលីម៉ែត្រនៅតំបន់ស៊ីកូគុ ភាគខាងលិច និងតំបន់កណ្តាលតូកៃ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top