ព័ត៌មានអន្តរជាតិ

ការនាំចេញគ្រាប់ធញ្ញជាតិ របស់អ៊ុយក្រែន បន្ដកើនឡើង បើទោះកំពុងស្ថិតក្នុង សង្គ្រាមជាមួយរស្ស៊ី

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍​ថា ប្រទេសអ៊ុយក្រែន បាននាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលគ្រាប់ប្រេងចំនួន ៦៧,៨៥ លានតោនក្នុងឆ្នាំទីផ្សារឆ្នាំ២០២២-២០២៣ ទោះបីជាមានជម្លោះជាមួយរុស្ស៊ីក៏ដោយ។

លោក Taras Kachka តំណាងពាណិជ្ជកម្ម និងជាអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ប្រទេសអ៊ុយក្រែន ត្រូវបានគេដកស្រង់សម្តីថា “ក្រោមលក្ខខណ្ឌនៃសង្រ្គាមទ្រង់ទ្រាយធំ អ៊ុយក្រែន បានធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីបន្តផ្គត់ផ្គង់ផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក” ។

លោក Kachka បានលើកឡើងថា បច្ចុប្បន្នមនុស្សប្រហែល ៤០០ លាននាក់នៅជុំវិញពិភពលោកពឹងផ្អែក លើការនាំចេញកសិផល របស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា អ៊ុយក្រែន មានឆន្ទៈក្នុងការរួមចំណែកបន្ថែមទៀត ដល់ការប្រយុទ្ធប្រឆាំងនឹង ភាពអត់ឃ្លានជាសកលដោយការសម្រេច បាននូវនាវាចរណ៍ ដែលមិនមានការរារាំងតាមរយៈផ្លូវផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងបង្កើតលក្ខខណ្ឌពាណិជ្ជកម្មដែលអាចព្យាករណ៍បាន។

នៅក្នុងឆ្នាំទីផ្សារ ២០២១-២០២២ (ថ្ងៃទី០ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២) ប្រទេសអ៊ុយក្រែន បានផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកចំនួន ៦១,៥២ លានតោននៃគ្រាប់ធញ្ញជាតិ និងផលិតផលគ្រាប់ប្រេង ដែលមានតម្លៃ ២២,២ពាន់លានដុល្លារអាមេរិក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top