ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរបស់ប៉ូឡូញ ប្រៀបធៀបអ៊ុយក្រែន ទៅនឹងមនុស្សកំពុងលង់ទឹក

ប្រភព ៖ AFP

បរទេស៖ ប្រធានាធិបតីរបស់ប៉ូឡូញ លោក Andrzej Duda បាននិយាយថា តាមរយៈការបណ្តឹងរបស់ទីក្រុង Warsaw ជុំវិញការហាមឃាត់លើគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន, ទីក្រុងគៀវ កំពុងមានអាកប្បកិរិយាដូចជា “មនុស្សលង់ទឹក” ដោយគំរាមដកអ្នកគាំទ្រដ៏សំខាន់របស់ខ្លួននៅក្នុងជម្លោះជាមួយប្រទេសរុស្ស៊ី។ លោកក៏បានប្រកាសថា កិច្ចប្រជុំដែលបានគ្រោងទុករបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នៅទីក្រុងញូវយ៉ក ត្រូវបានលុបចោល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Duda បាន​លើក​ឡើង​បែបនេះ ខណៈ​លោកនិយាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ។ លោក​បាន​ត្អូញត្អែរ​ថា អ៊ុយក្រែន ដែល​បច្ចុប្បន្ន​កំពុង​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុង​មូស្គូ «កំពុង​ប្រកាន់​ខ្ជាប់​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​មាន»។

លោកបាន​ពន្យល់​ដោយបន្ត​ថា “អ្នក​កំពុងលង់​ទឹក… គឺ​មាន​គ្រោះថ្នាក់ ហើយ​អាច​ធ្វើឱ្យលង់​អ្នក​ដែលមកជួយ​សង្គ្រោះថែមទៀត”។ «គេ​និយាយ​ថា​ មនុស្សកំពុងលង់​ទឹក​ នឹងស្រវេស្រវាចាប់អ្វីដែលនៅជិតខ្លួន។ នេះ​ដូចជា​ស្ថានភាព​រវាង​ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​ពេល​នេះ​»​។​ លោក​បាន​បន្ត​ថា ទីក្រុង Warsaw ត្រូវ​តែ​ចាត់​វិធានការ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ខ្លួន ហើយ​មិន​ត្រូវ​បានអូសទាញ​ជាមួយ​ក្រុង​គៀវឡើយ។

ចំពេលជម្លោះគ្រាប់ធញ្ញជាតិដែលកំពុងបន្ត ប្រធានាធិបតីប៉ូឡូញរូបនេះក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំរវាងលោកជាមួយលោក Zelensky “ត្រូវបានដកចេញពីរបៀបវារៈ” ទោះបីជាលោកបានពន្យល់ថា ការលុបចោលនេះគឺដោយសារតែកាលវិភាគដែលផ្ទុយគ្នា៕

ប្រែសម្រួលៈ ណៃ តុលា

To Top