រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានឲ្យដឹងថា នឹងមិនមានសន្តិភាព នៅមជ្ឈិមបូព៌ានោះទេ ប្រសិនបើប៉ាឡេស្ទីន មិនទទួលបានសិទ្ធិស្របច្បាប់ របស់ពួកគេទាំងស្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក អាបាស បានប្រាប់សន្និសីទទូទៅ នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “អ្នកដែលគិតថា សន្តិភាពអាចគ្រប់គ្រង បាននៅមជ្ឈិមបូព៌ា ដោយមិនមានប្រជាជន ប៉ាឡេស្ទីន ទទួលបានសិទ្ធិជាតិពេញលេញ និងស្របច្បាប់របស់ពួកគេ នឹងត្រូវយល់ខុស” ។
លោកបានអំពាវនាវឲ្យប៉ាឡេស្ទីន ចូលជាសមាជិកពេញលេញ របស់អង្គការសហប្រជាជាតិ ហើយបានជំរុញឲ្យប្រទេសនានាទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ។
លោកបានលើកឡើងថា “ខ្ញុំមិនអាចយល់ ឬទទួលយកបាននោះទេ ដែលរដ្ឋមួយចំនួន រួមទាំងរដ្ឋអាមេរិក និងរដ្ឋអឺរ៉ុប មានការស្ទាក់ស្ទើរ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលអង្គការសហប្រជាជាតិ បានទទួលយកជារដ្ឋសង្កេតការណ៍។
លោកបានអំពាវនាវ ឱ្យរៀបចំសន្និសិទសន្តិភាពអន្តរជាតិ ដែលក្នុងនោះប្រទេសទាំងអស់ ដែលពាក់ព័ន្ធនឹងការសម្រេច បានសន្តិភាពនៅមជ្ឈិមបូព៌ា នឹងចូលរួម ។ លោកបានស្នើសុំអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres រៀបចំឱ្យមានការរៀបចំចាំបាច់ សម្រាប់សន្និសីទមួយ ។
នៅក្នុងនោះដែរ លោកក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ និងអគ្គលេខាធិកា ឱ្យអនុវត្តដំណោះស្រាយពាក់ព័ន្ធ ដើម្បីផ្តល់ការការពារ ដល់ប្រជាជនប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា