តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសនេះនឹងធ្វើការសម្រេចចិត្ត របស់ខ្លួនលើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដោយផ្អែកលើ “សកម្មភាពជាក់ស្តែង” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាសារវិជ្ជមានម្តងហើយម្តងទៀត របស់ខ្លួននោះទេ” ។
លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA កាលពីថ្ងៃអាទិត្យ នៅចុងបញ្ចប់ នៃការធ្វើដំណើររយៈពេល ៧ថ្ងៃរបស់លោកទៅកាន់ទីក្រុងញូវយ៉ក សម្រាប់សម័យប្រជុំលើកទី៧៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិ។
លោកបានលើកឡើងថា ទីក្រុងតេអេរ៉ង់ បានទទួលសារវិជ្ជមានពីទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែនឹងវិនិច្ឆ័យសារទាំងនោះដោយផ្អែកលើ “សកម្មភាពនយោបាយ” របស់អាមេរិក នេះបើយោងតាមការចុំផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ដថា ការផ្លាស់ប្តូរសារប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្ត ដោយសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់ នឹងបន្តកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ដើម្បីដកទណ្ឌកម្មតាមរយៈការទូត និងការចរចា ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា “យើងមិនស្ថិតក្រោមកាលៈទេសៈណា ក៏ដោយ អត់ធ្មត់ចំពោះទង្វើ និងអាកប្បកិរិយាលាក់ពុត របស់សហរដ្ឋអាមេរិក ។ វាមិនដូចនោះទេ ដែលអ្វីៗតែងតែឆ្លងកាត់តាមបណ្តាញរបស់ JCPOA (សម្រាប់អ៊ីរ៉ង់។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិក និងភាគីផ្សេងទៀត មានការប្តេជ្ញាចិត្តជាចាំបាច់នោះ កិច្ចព្រមព្រៀងមួយនឹងស្ថិតនៅក្នុងក្របខណ្ឌនៃការចរចា ដែលបានធ្វើឡើងពីមុននៅក្នុងរដ្ឋធានីវីយែនរបស់អូទ្រីស និងផ្អែកលើអាទិភាពរបស់អ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការ ទប់ស្កាត់មួយចំនួនលើកម្មវិធី នុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការ ដកទណ្ឌកម្មលើប្រទេសនេះ ។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគី របស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ចោលការ សន្យានុយក្លេអ៊ែរមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងនេះ៕
ប្រែសម្រួល ឈូក បូរ៉ា