ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលស៊ូដង់ ច្រានចោលសេចក្តីព្រាងសេចក្តីសម្រេចយូអិន ដែលស្នើ ឲ្យមានគណៈកម្មាធិការស៊ើបអង្កេត

រូបភាពពី៖​ XINHUA

កាធុម៖ រដ្ឋាភិបាលស៊ូដង់ បានច្រានចោល​ សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ដែលស្នើឱ្យមានការបង្កើតគណៈកម្មាធិការស៊ើបអង្កេត ដែលមានសមាជិក ៣នាក់ ដើម្បីដោះស្រាយការរំលោភបំពាន និងឧក្រិដ្ឋកម្មក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេសស៊ូដង់។

ក្រសួងការបរទេសស៊ូដង់ បញ្ជាក់ជាថ្មីពីការបដិសេធយ៉ាងដាច់អហង្កា ចំពោះសេចក្តីព្រាងដំណោះស្រាយនេះ ព្រោះវាខុសក្នុងការពិពណ៌នាអំពីអ្វី ដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ូដង់ ហើយដោយសារតែវាប្រកាន់ពូជសាសន៍ទៅលើកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហើយមិនគិតពីអាទិភាពពិតប្រាកដរបស់ស៊ូដង់នៅពេលនេះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ក្រសួងបានបន្ថែមថា រដ្ឋាភិបាលស៊ូដង់ បានដាក់អាទិភាពខ្ពស់លើសិទ្ធិមនុស្ស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សមាជិកនៃ OHCHR បច្ចុប្បន្នកំពុងពិភាក្សាជាបន្តបន្ទាប់នៅទីក្រុងហ្សឺណែវ ទាក់ទងនឹងសេចក្តីព្រាងដំណោះស្រាយ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស ន័រវេស និងអាល្លឺម៉ង់ ដែលស្វែងរកការបង្កើតបេសកកម្មស៊ើបអង្កេត ដែលមានសមាជិក ៣នាក់ ដើម្បីដោះស្រាយការរំលោភបំពាន និងឧក្រិដ្ឋកម្មក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេសស៊ូដង់។

ប្រទេសជាច្រើន រួមទាំងអារ៉ាប៊ីសាអូឌីត បានជ្រើសរើសមិនយល់ព្រមលើសេចក្តីព្រាងដំណោះស្រាយនេះ។

ប្រទេសស៊ូដង់ បាននិងកំពុងឃើញការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធានៅក្នុងទីក្រុង Khartoum និងតំបន់ផ្សេងទៀតចាប់តាំងពីថ្ងៃទី១៥ ខែមេសា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០០០ នាក់បានស្លាប់ និងជាង ៦០០០នាក់រងរបួស នេះបើយោងតាមតួលេខ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់។

យោងតាមរបាយការណ៍ចុងក្រោយរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ មនុស្សប្រហែល ៥,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុង និងក្រៅប្រទេសស៊ូដង់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top