បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន កាលពីថ្ងៃអាទិត្យបានឆ្លើយតប ទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល របស់ពួកសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែល ដោយអំពាវនាវឱ្យភាគីទាំងអស់ អនុវត្តការអត់ធ្មត់ដោយបន្ទរតាមជំហររបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការបរទេសចិនថា «ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃភាពតានតឹង និងអំពើហិង្សារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន។ យើងអំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ និងបញ្ឈប់ជាបន្ទាន់នូវអរិភាព ដើម្បីការពារជនស៊ីវិល និងជៀសវាងស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត” ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា «មធ្យោបាយជាមូលដ្ឋានចេញពីជម្លោះ គឺក្នុងការអនុវត្តដំណោះស្រាយរដ្ឋពីរ និងការបង្កើតរដ្ឋឯករាជ្យមួយរបស់ប៉ាឡេស្ទីន»។
មន្ត្រីស្ថានទូតអ៊ីស្រាអែលនៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យបានសរសេរ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា អ៊ីស្រាអែលរំពឹងថា នឹងមានការថ្កោលទោសកាន់តែខ្លាំង ចំពោះក្រុមហាម៉ាសដោយប្រទេសចិន។
លោក Yuval Waks ដែលជាមន្ត្រីជាន់ខ្ពស់នៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងប៉េកាំងបានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអាទិត្យថា “នៅពេលដែលមនុស្សត្រូវបានសម្លាប់ សម្លាប់នៅតាមដងផ្លូវ នេះមិនមែនជាពេលវេលាដើម្បីអំពាវនាវ ឱ្យមានដំណោះស្រាយរដ្ឋពីរនោះទេ” ។ ប្រទេសចិនមិនបានចាត់ថ្នាក់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាជាក្រុមភេរវករទេ ប៉ុន្តែចាត់ទុកក្រុមនេះជាអង្គការតស៊ូ។
ស្ថានទូតអ៊ីស្រាអែលប្រចាំនៅប្រទេសចិន ក៏បានជំរុញក្រុងប៉េកាំង ឱ្យឈរនៅជាមួយអ៊ីស្រាអែល ៕
ប្រែសម្រួលៈ ណៃ តុលា