ព័ត៌មានអន្តរជាតិ

តួកគី ចាប់ខ្លួនមនុស្សចំនួន ៣៧នាក់ ជាប់សង្ស័យពាក់ព័ន្ធនឹង បទឧក្រិដ្ឋកម្មអន្តរជាតិ

Xinhua

អ៊ីស្តង់ប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសតួកគី បានឲ្យដឹងថា អាជ្ញាធរតួកគី បានចាប់ខ្លួនមនុស្សចំនួន ៣៧នាក់ដែលសង្ស័យថា ជាផ្នែកមួយនៃក្រុមឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី ។

លោក Yerlikaya បានឲ្យដឹងនៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្រុមក្មេងទំនើងដែលគេស្គាល់ថា Comanchero ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ឃាតកម្ម ការចាប់ជំរិត និងប្រពឹ្រត្តនូវបទឧក្រិដ្ឋកម្មផ្សេងៗទៀត ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមក្មេងទំនើងបានព្យាយាមរត់ពន្ធ គ្រឿងញៀនពីប្រទេសផ្សេងៗគ្នា និងលាងលុយកខ្វក់ដែលពួកគេបាន ធ្វើពីសកម្មភាពខុសច្បាប់ក្នុងទីក្រុងរបស់តួកគី ដោយមិនបង្ហាញពីពេលណា ឬកន្លែងណាដែលធ្វើការចាប់ខ្លួននោះទេ ។

លោក Yerlikaya បានបញ្ជាក់ថា “យើងនឹងមិនអនុញ្ញាតឱ្យ ក្រុមឧក្រិដ្ឋជនដែលបានរៀបចំ និងអ្នកជួញដូរគ្រឿងញៀន គេចចេញពីសំណាញ់ច្បាប់បានឡើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top