តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា និងសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដែនសមុទ្រទ្វេភាគី ចំពេលមានការបង្កើនការអះអាងយោធារបស់ចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងអំឡុងពេល នៃកិច្ចពិភាក្សារបស់ពួកគេនៅជិតទីក្រុងគូឡាឡាំពួ លោក គីស៊ីដា ដែលបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ក្នុងជើងទីពីរនៃការធ្វើដំណើររយៈពេល ៣ថ្ងៃរបស់លោក ដែលរួមបញ្ចូលដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនផងដែរ បានឲ្យដឹងថា លោក និងលោក Anwar ក៏បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើថាមពល រួមទាំងការធានានូវការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព ឧស្ម័នធម្មជាតិរាវទៅកាន់ប្រទេសជប៉ុន។
ដំណើរកម្សាន្តរបស់លោក គីស៊ីដា មានបំណងដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ចប្រជុំកំពូលពិសេសមួយដែលមានមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងតូក្យូក្នុងខែធ្នូ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។
លោកបានប្រាប់លោក Anwar ថាលោកសង្ឃឹមថានឹងមាន “ចក្ខុវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ” នៅក្នុងកិច្ចប្រជុំកំពូល ហើយមេដឹកនាំម៉ាឡេស៊ី បានសម្តែងសុទិដ្ឋិនិយម ចំពោះអនាគតនៃទំនាក់ទំនងជប៉ុន-អាស៊ាន៕ ប្រែសម្រួល ឈូក បូរ៉ា